(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្វាគមន៍ភាគីចិន ដែលចង់មកផលិតភាពយន្ត ពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តកម្ពុជា-ចិន នាសតវត្សទី១៣ នៅលើកទឹកដីកម្ពុជា។

ការស្វាគមន៍បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពេលលោកស្រីរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យលោក Xie Xudong អគ្គនាយកក្រុមហ៊ុន Zhong Fang international Investment នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងជម្រាបជូនពីគម្រោងនៃការផលិតភាពយន្ត ពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តកម្ពុជាចិន នាសតវត្សទី១៣ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រីបណ្ឌិតសភាចារ្យ បានស្វាគមន៍ចំពោះគម្រោងនៃការថតភាពយន្តរឿងប្រវត្តិសាស្រ្តនេះ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានអត្ថប្រយោជន៍ដល់ការផ្សព្វផ្សាយអំពីកម្ពុជា ពិសេសផ្នែកវប្បធម៌ និងទេសចរណ៍។ ជាមួយនេះ ដើម្បីជួយសម្របសម្រួលដល់ផលិតករ លោកស្រីបណ្ឌិតសភាចារ្យ បានស្នើដល់ក្រុមហ៊ុនផ្តល់អត្ថបទនិពន្ធពិស្តារ ដើម្បីក្រុមការងារក្រសួងជួយពិនិត្យសិក្សា និងស្នើឲ្យមានការជួបពិភាក្សាផ្ទាល់រវាងផលិតករ អ្នកដឹកនាំរឿង ជាមួយមន្រ្តីជំនាញរបស់ក្រសួង ដើម្បីជួយសម្រួលខ្លឹមសារឲ្យកាន់តែមានភាពត្រឹមត្រូវស្របតាមប្រវត្តិសាស្រ្ត។

សូមបញ្ជាក់ជូនថា ការទាក់ទាញផលិតករភាពយន្តបរទេសឲ្យមកថតភាពយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាការងារអាទិភាពមួយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានចែងក្នុងគោលនយោបាយជាតិស្តីពីវប្បធម៌៕