(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបង្ហាញមុខម្ចាស់ជយលាភីបង្កើតឡូហ្គោ សម្រាប់អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃមិត្តភាពរវាងជប៉ុន​-កម្ពុជា។ ម្ចាស់ជយលាភីនេះ ជានិស្សិតមហាវិទ្យាល័យសិល្បៈសូនរូបឆ្នាំទី៤ ជំនាន់ទី១៤ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឯកទេស គំនូរសារគមនាគមន៍។

យុវជនដែលទទួលបានជយលាភី លោក រឿន ម៉េងឡុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្មវិធីប្រកួតប្រជែងរចនាឡូហ្គោ រៀបចំដោយស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា ​ដែលបានផ្តល់ឱកាសដល់លោកបានក្លាយជាចំណែកមួយនៃកម្មវិធីកិច្ចការរចនានិមិត្តសញ្ញាសម្រាប់ «ខួបលើកទី៧០ នៃមិត្តភាពរវាងកម្ពុជា និងជប៉ុន។

យុវជន រឿន ម៉េងឡុង ក៏បានបង្ហាញសេចក្តីសោមនស្ស និងកិត្តិយសណាស់ដែលត្រូវបានជ្រើសរើស។ ក្នុងនាមជាយុវជនកម្ពុជាមួយរូប រឿន ម៉េងឡុង ក៏បា
នកោតសរសើរដោយចិត្តស្មោះចំពោះការចូលរួមរបស់ប្រទេសជប៉ុន ក្នុងកិច្ចការអភិវឌ្ឍនៅកម្ពុជា និងសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងកម្ពុជា និងជប៉ុន នឹងរីកដុះដាលជានិរន្តរ៍ដូចផ្កាសាគូរ៉ា ព្រមទាំងបង្ហាញក្តីសង្ឃឹមថានឹងអាចមានឱកាសក្នុងការចូលរួមជួយទៅដល់កម្មវិធីនៅលើកក្រោយៗទៀត។

សូមជម្រាបថា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន។ ដើម្បីអបអរសាទរខួបទំនាក់ទំនងនេះ កម្ពុជា និងជប៉ុន បានសម្រេចដំឡើងកម្រិតទំនាក់ទំនងទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលជាទំនាក់ទំនងកម្រិតកំពូលមួយ។

កម្ពុជា និងជប៉ុន គ្រោងរៀបចំកម្មវិធីជាច្រើនទៀត ដើម្បីសាទរខួបទំនាក់ទំនងនេះ៕