(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តប្រកាសស្តីពី ការទទួលស្គាល់ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ.។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងបន្ថែមដល់សិក្ខាកាមទាំងអស់អំពីលក្ខខណ្ឌ និងនីតិវិធីនៃការទទួលស្គាល់ក្រុមហ៊ុនវាយតម្លៃ និងអ្នកជំនាញវាយតម្លៃអចលនវត្ថុក្នុងវិស័យបរធនបាលកិច្ច ក៏ដូចជាសិទ្ធិ និងកាតព្វកិច្ចរបស់ក្រុមហ៊ុនវាយតម្លៃ និងអ្នកជំនាញវាយតម្លៃ សំដៅធានាឱ្យបាននូវសុក្រឹតភាពនៃតម្លៃបរធនបាលកិច្ចដែលបានបង្កើត និងចុះបញ្ជីបរធនបាលកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា។

សិក្ខាសាលានេះមានការចូលរួមពីតំណាងនិយ័តករពាក់ព័ន្ធក្រោមឱវាទ អ.ស.ហ. ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា, តំណាងពីសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា, ប្រតិបត្តិករបរធនបាលដែលជាក្រុមហ៊ុនបរធនបាល និងជាបរធនបាលរូបវន្តបុគ្គលឯករាជ្យ, ប្រតិបត្តិករបរធនបាលដែលផ្តល់សេវារក្សាសុវត្ថិភាពនិងសេវារក្សាទុក, តំណាងការិយាល័យមេធាវី និងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវានៅក្នុងវិស័យបរធនបាលកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា និងមានអ្នកចូលរួមសរុបចំនួន១៥៨រូប៕