(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមក្នុងកម្មវិធីចង្ក្រានសប្បុរស លើកទី១៥ និងផ្តល់អំណោយជូនប្រជាពលរដ្ឋទីទាល់ក្រចំនួន ៣០០គ្រួសារ វិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង។

វិធីចង្រ្កាននេះ ដោយមានការចូលរួមពី អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ប្រធានសាលាដំបូងខេត្តស្វាយរៀង ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តស្វាយរៀង និងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបទៀត។

កម្មវិធីថ្ងៃនេះដំណើការទៅបានក្រោមជំនួយឧបត្ថម្ភដោយ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា និងជាប្រធានកម្មវិធីចង្ក្រានសប្បុរស និងលោកស្រី ឈីវ ភិរម្យ រួមជាមួយក្រុមហ៊ុន CP Cambodia ហាងធូបកាហ្វេ ហាងខយ ចុងភៅការ សេង ហុកហេង និងសប្បុរសជនជាច្រើនទៀត ដែលបានញ៉ាំងឲ្យកម្មិវិធីនេះដំណើរការទៅយ៉ាងរលូន និងប្រកបដោយភាពស្និទ្ធស្នាល និងរស់រាយរាក់ទាក់ជាទីបំផុត។

លោក លី ច័ន្ទតុលា បានថ្លែងអរគុណសន្តិភាព អរគុណសម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមាតាបិតាគ្រប់រូប ត្រូវបញ្ចូនកូនទៅចូលរៀនឲ្យបានគ្រប់គ្រប់ៗគ្នា និងធ្វើការចែករំលែកបន្តដល់អ្នកដែលខ្វះខាតជាងខ្លួន។

ថ្លែងក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធី ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ក្រោមម្លប់នៃសុខសន្តិភាព។

លោកស្រីបានបន្តទៀតថា កម្ពុជាបានទទួលនូវសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រមួយទៀត និងបានបង្ហាញពិភពលោកឲ្យស្គាល់កម្ពុជា កាន់តែច្បាស់ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលធ្វើឡើងដោយទម្រង់ផ្ទាល់ ជាលើកទី៣នៅកម្ពុជា ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានដំណើរការទៅយ៉ាងរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។

បន្ថែមពីនេះ លោកស្រីបានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរួមចំណែកជួយដល់សង្គម ជួយដល់ប្រជាពលរដ្ឋយើងទីទាល់ក្រ និងគ្រួសារជួបការលំបាក និងបានចែករំលែកនូវធនធានផ្ទាល់ខ្លួន ពេលវេលា និងចែកអាហារឆ្ងាញ់មួយពេល តាមរយៈកម្មវិធីចង្ក្រានសប្បុរស ដែលគិតមកដល់ពេលនេះ បានជួយដល់ប្រជាពលរដ្ឋក្រីក្រចំនួនជិត ៦ពាន់គ្រួសារ ក្រោមការដឹកនាំគ្រប់គ្រងរបស់ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងលោកស្រី ឈីវ ភរិម្យ រួមជាមួយ ក្រុមការងារ និងសប្បុរសជន។

ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រី ម៉ែន សំអន បានសំណូមពរ ឲ្យប្រជាពលរដ្ឋទាំងអស់គ្នាមិនត្រូវភ្លេចខ្លួននោះទេ យើងត្រូវតែប្រឹងប្រែងការពារខ្លួនជាដរាប ដើម្បីចៀសវាងនូវការឆ្លង និងចម្លងទៅសហគមន៍ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ «៣ការពារ និង ៣កុំ» ជានិច្ច។

សូមជម្រាបថា អំណោយក្នុង ១គ្រួសារ ទទួលបានរួមមាន៖ ទឹកស៊ីអ៊ីវ១ដប, ទឹកត្រី១ដប, ប្រេងឆា១ដប, អំបិល ១គីឡូក្រាម, សៀងផ្អែម១ដប, ប្រេងខ្យង, ប៊ីចេង កន្លះគីឡូក្រាម, ទឹកដោះគោខាប់១កំប៉ុង, ស្ករស១គីឡូក្រាម, សាប៊ូលុច្ស១ដុំ, សាប៊ូបោកខោអាវ ៥០០ក្រាម, ប្រេងរឹត១ដប, ប្រេងកូឡា១ប្រអប់, សារ៉ុងឥណ្ឌូនេស៊ីដេរស្អាត១, សម្ភារៈសិក្សាសម្រាប់កុមារ២ឈុត, អាវរងា១, សាប៊ូលាងចានដប១ដប, មីសួរ១គីឡូក្រាម, មីម៉ាម៉ា១កេស, សាច់ប្រហិតក្រុមហ៊ុន ស៊ីភី១គីឡូក្រាម, ទាអាំងទឹកឃ្មុំ០១ក្បាល, អង្ករប្រណិតផ្កាម្លិះ១០គីឡូ, នំប៉ាវ, ភេសជ្ជៈ, ទឹកសុទ្ធ និងថវិកា ២ម៉ឺនរៀល៕