(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៣រសៀលថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានដឹកនាំគណៈប្រតិភូអញ្ជើញត្រឡប់ មកកម្ពុជាវិញហើយ បន្ទាប់ពីរកឃើញវិជ្ជមានជំងឺកូវីដ១៩ ពេលទៅដល់ប្រទេសឥណ្ឌូនេស៊ី។

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ហោះទៅកាន់កោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ម្សិលមិញនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលG20 ដែលគ្រោងធ្វើឡើងពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។ តាមការគ្រោងទុកសម្តេចតេជោ និងគណៈប្រតិភូ នឹងត្រូវហោះទៅកាន់ប្រទេសថៃ ដើម្បីចូលរួមកិច្ចសន្ទនាក្រៅផ្លូវរបស់មេដឹកនាំប្រទេស APEC ពីថ្ងៃទី១៧ ដល់ ១៨ ខែវិច្ឆិកា។

តែការចូលរួមក្នុងកម្មវិធីទាំងពីរត្រូវបានខកខានទៅវិញ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ត្រូវបានរកឃើញជំងឺកូវីដ១៩ ពេលអញ្ជើញទៅដល់ប្រទេសឥណ្ឌូនេស៊ី។

សម្តេចតេជោ បានបញ្ជាក់ថា «បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់! ពេលនេះខ្ញុំតេស្តឃើញវិជ្ជមានកូវីដ១៩។ មុនចេញពីកម្ពុជា ខ្ញុំធ្វើតេស្តរាល់ថ្ងៃ ពិសេសមុនពេលចេញដំណើរមក ខ្ញុំធ្វើរហ័សមុនឡើងយន្តហោះ តែពុំមានឃើញអ្វីនោះឡើយ។ ខ្ញុំមិនច្បាស់ថា មេរោគនេះមកនៅជាមួយខ្លួនខ្ញុំ ចាប់ពីពេលណាមកនោះឡើយ តែអ្វីដែលច្បាស់ពេលមកដល់ពេទ្យឥណ្ឌូនេស៉ីយកសំណាកពេលល្ងាច លុះព្រឹកឡើងបញ្ជាក់ថា វិជ្ជមានកូវីដ១៩ ដែលយើងត្រូវតែទទួលស្គាល់ បើទោះជាក្នុងខ្លួនយើងមិនមានអាការៈចម្លែកក៏ដោយ»

ក្នុងវេទិកាទាំងពីរខាងលើនេះ ជាឱកាសដ៏ល្អមួយសម្រាប់សម្តេចតេជោ និងគណៈប្រតិភូ ស្វះស្វែងរកឱកាសវិនិយោគនានា ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ កាន់តែពិសេសនោះ ក្នុងដំណើរអញ្ជើញទៅកាន់ប្រទេសថៃ សម្តេចតេជោ ហ៊ុន សែន នឹងត្រូវជួបទ្វេភាគីជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងលោក ម៉ាក្រុង ប្រធានាធិបតីបារាំង។

ឱកាសនៃជំនួបទាំងពីរខាងលើនេះ គឺសំខាន់ណាស់សម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការពង្រីកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។

តាមការគ្រោងទុកសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នឹងអញ្ជើញមកដល់ប្រទេសកម្ពុជាកំលុងម៉ោង៥ល្ងាចនេះ។ សម្តេចតេជោ បានបញ្ជាក់ថា ពេលដល់កម្ពុជា សម្តេចនៅតែធ្វើការងារជាធម្មតា លើកលែងតែជំនួបជាមួយភ្ញៀវប៉ុណ្ណោះ។

ជាមួយដំណឹងនៃការឆ្លងកូវីដ១៩របស់សម្តេចតេជោ បាននាំឱ្យប្រជាពលរដ្ឋខ្មែរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានសម្តែងក្តីព្រួយបារម្ភពន់ពេកចំពោះសុខភាពរបស់សម្តេច។ ពួកគេបានគោរពជូនពរសូមឱ្យសុខភាពរបស់សម្តេចឆាប់បានប្រសើរ និងជាពីជំងឺកូវីដ១៩៕