(ភ្នំពេញ)៖ អ្នកបើកបររថយន្ដ Ford មួយគ្រឿង ដែលបានបុកម៉ូតូសរបស់នគរបាល ពេលកំពុងធ្វើដំណើរទៅអូសក្បួនប្រតិភូ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ នៅចំណុចស្ពាននាគវត្តភ្នំនោះ ត្រូវបានការិយាល័យ នគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូង នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចាត់ការបន្ដតាមច្បាប់។

មន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្រោយបញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញ អ្នកបើកបររថយន្ដខាងលើ កំពុងស្ថិតក្រោមការសួរនាំរបស់លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង។

សូមរំលឹកថា ម៉ូតូសនាំក្បួនប្រតិភូមួយគ្រឿង ត្រូវបានរថយន្ត Ford បើកបុកនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ចំណុចស្ពាននាគវត្តភ្នំនៅក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នេះជាករណីគ្រោះថ្នាក់ធម្មតា មិនមែនជាការគ្រោះថ្នាក់ពេលនាំក្បួននោះទេ ព្រោះម៉ូតូកំពុងជិះទៅកាន់ទីតាំង ដើម្បីដឹកនាំក្បួនប៉ុណ្ណោះ។

ក្រោយកើតហេតុ កម្លាំងនគរបាលអន្តរាគមន៍ភ្លាមៗ និងនាំយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ជាបណ្ដោះអាសន្ន ដើម្បីចាត់ការបន្ដតាមនីតិវិធី៕