(សៀមរាប)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស បានចុះត្រួតពិនិត្យតាមបណ្តាគោលដៅការពារដែល ក្រសួងការពារជាតិកម្ពុជា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM-Retreat-កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូក លើកទី៩ (9th ADMM-Plus) និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្រុងសៀមរាប ខេត្តសៀមរាប។

លោកវរសេនីយ៍ត្រី មាស វត្ថានាយការិយាល័យអប់រំផ្សព្វផ្សាយ បានឲ្យដឹងថា នាយឧត្តមសេនីយ៍ សៅ សុខា បានចុះពិនិត្យគោលដៅ ដូចជា៖ នៅសណ្ឋាគារ សុខាសៀមរាប, គោលដៅបន្ទាយមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប, គោលដៅសណ្ឋាគារ FCC, និងគោលដៅសណ្ឋាគារ ផាក យ៉ាត សៀមរាប, ព្រមទាំងគោលដៅនៅសណ្ឋាគារ ហ្រ្គេន ហូតែល ផងដែរ។

លោកបានបន្ដទៀតថា បន្ទាប់ពីការចុះត្រួតពិនិត្យតាមបណ្តាគោលដៅបានបញ្ចប់ នាយឧត្តមសេនីយ៍ សៅ សុខា បានជួបជាមួយគណៈប្រតិភូ មហាសន្និបាទសហព័ន្ធបាល់ទាត់អាស៊ាន លើកទី២៩ ឆ្នាំ២០២២ នៅប្រសាទក្រវ៉ាន់។

សូមញ្ជាក់ថា កិច្ចប្រជុំនេះរដ្ឋមន្ដ្រីការពារជាតិអាស៊ាន នឹងដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២។ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងផ្តោតជាសំខាន់លើការផ្លាស់ប្តូរទស្សនៈ ស្តីពី «ការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីពង្រឹងសាមគ្គីភាពសម្រាប់សន្តិសុខប្រកប ដោយភាពសុខដុម»

បន្ទាប់ពីកិច្ចប្រជុំចង្អៀត ក៏មានកិច្ចប្រជុំក្រៅផ្លូវការចំនួនពីរ សម្តេចពិជ័យសេនា នឹងធ្វើជាសហប្រធាន រួមមាន កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ឥណ្ឌា ដែលនឹងត្រូវបានរៀបចំជាបន្តបន្ទាប់គ្នា៕