(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉ន ការងារសេនាធិការ និងបើកវគ្គហ្វឹកហ្វឺនគរុកោសល្យយោធាគ្រូបង្គោល ដល់នាយពលទាហានមកពីគ្រប់កងឯកភាពចំណុះយោធភូមិភាគ ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្នុងនោះដែរ លោកនាយឧត្តមសេនីយ៍ បានលើកឡើងថា ផែនការហ្វឹកហ្វឺនរបស់អគ្គមេបញ្ជាការ នៃកងយុទ្ធពលខេមរៈភូមិន្ទ ទើបសាលាពលទាហានទី៣ ដំណើការវគ្គនេះឡើងសំដៅបង្កើនសមត្ថភាព ឲ្យកងទ័ពកាន់តែមានគុណភាព។
លោកនាយឧត្តមសេនីយ៍ បន្ដថា វគ្គហ្វឹកហ្វឺនបំប៉ន ការងារសេនាធិការ នេះមានរយៈពេល៤៥ថ្ងៃ លើខ្លឹមសារមេរៀនមាន យោធារួម មុខវិជ្ជាយោធា និងអប់រំចិត្តសាស្ត្រ ដែលក្រោយបញ្ចប់វគ្គសិក្ខាកាមទទួលបានលទ្ធផលល្អគាប់ប្រសើរ។
ឆ្លៀតក្នុងឱកាសនោះដែរ សាលាពលទាហានទី៣ ក៏បានបើកវគ្គហ្វឹកហ្វឺនគរុកោសល្យយោធាគ្រូបង្គោល ដល់នាយពលទាហាន មកពីគ្រប់កងឯកភាពចំណុះយោធភូមិភាគ ផងដែរ៕