(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ភាពសុខដុមរមនារវាងកម្មករនិងនិយោជកក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា រយៈពេល១០ឆ្នាំចុងក្រោយនេះ ត្រូវបានទទួលស្គាល់ថាកាន់តែមានភាពចាស់ទុំ ដែលធានាបាននូវភាពសុខដុមរមនា និងជួយទាក់ទាញសម្រាប់វិនិយោគិនជាតិនិងអន្តរជាតិ។

លោកថ្លែងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី ស្តីពីនីតិវិធីនៃការដោះស្រាយវិវាទបុគ្គល ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល រៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO)។

លោក អ៉ិត សំហេង លើកឡើងថា ការធានានូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ គឺជាយុទ្ធសាស្រ្តអាទិភាពដែលត្រូវបានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ដើម្បីចូលរួមចំណែកសម្រេចឱ្យបានជោគជ័យនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។

ក្នុងន័យនេះ ក្រោមការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះត្រូវបានទទួលស្គាល់ថាកាន់តែមានភាពចាស់ទុំ ដែលធានាបាននូវភាពសុខដុមរមនា និងភាពទាក់ទាញសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ។ អត្រាសះជានៅក្នុងការដោះស្រាយវិវាទការងារដោយមន្ត្រីផ្សះផ្សាវិវាទនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានការកើនឡើងជាលំដាប់ ដែលកត្តានេះសរបញ្ជាក់ឱ្យឃើញអំពីប្រសិទ្ធភាពនិងសមត្ថភាពរបស់មន្ត្រីផ្សះផ្សាវិវាទនិងភាពចាស់ទុំនៅក្នុងទំនាក់ទំនងវិជ្ជាជីវៈ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា វិវាទការងាររួមដែលដោះស្រាយមិនសះជាដោយមន្ត្រីផ្សះផ្សាវិវាទនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលដើម្បីដោះស្រាយ។ ជាមួយគ្នានេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវបានទទួលស្គាល់ថាជាស្ថាប័នដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ដែលបានដោះស្រាយសះជាក្នុងអត្រា ៧០% នូវវិវាទការងាររួមដែលក្រសួងបានបញ្ជូនទៅ។

ក្នុងសិក្ខាសាលានោះដែរ លោក អ៉ិត សំហេង បានណែនាំនូវចំណុចមួយចំនួនសម្រាប់គ្រប់ភាគីធ្វើការពិនិត្យ ពិចារណា និងលើកយោបល់ ក៏ដូចជាសំណើដំណោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល៖ ប្រភេទវិវាទបុគ្គល, ចំនួនអាជ្ញាកណ្តាល, សិទ្ធិតំណាងរបស់ភាគីវិវាទ, រយៈពេលនៃការដោះស្រាយ, ប្រភេទសេចក្តីបង្គាប់, និងបន្ទុកភស្តុតាង។ ការដាក់ឱ្យដំណើរការការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញា៖ កត្តាធនធានមនុស្ស, កត្តាសម្ភារៈ និងកត្តាហិរញ្ញវត្ថុរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល៕