(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងភរិយា បានផ្ញើសារជូនពរ និងបួងសួងសូមឱ្យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឆាប់បានជាសះស្បើយពីជំងឺកូវីដ១៩។

សម្តេចក្រឡាហោម និងភរិយា មានសេចក្តីព្រួយ និងបារម្ភជាពន់ពេក ក្រោយពីបានទទួលព័ត៌ថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ នៅប្រទេសឥណ្ឌូនេស៊ី។

«ស្ថិតក្នុងបរិយាកាសដ៏អាប់អួរនេះ ខ្ញុំ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្តី សូមឆាប់បានជាសះស្បើយជាស្ថាពរ ដើម្បីសណ្ឋិតនៅជាប្រមុខដឹកនាំដ៏ឆ្នើម និងវាងវៃបំផុត សម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល ជាដរាបតរៀងទៅ»។ នេះបើតាមសាររបស់សម្តេចក្រឡាហោម ស ខេង។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ តាមរយៈ Facebook ផ្លូវការបានបញ្ជាក់ពីការតេស្តរកឃើញវិជ្ជមានកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី។ សម្តេចតេជោបញ្ជាក់ថា បើទោះជាពេទ្យឥណ្ឌូនេស៉ី បញ្ជាក់ថាសម្តេចវិជ្ជមានកូវីដ១៩ ក្តីក៏អាការៈសម្តេចមិនមានអ្វីចម្លែកឡើយ។ ដើម្បីសុវត្ថិភាពប្រតិភូ សម្តេចបានសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់មកកម្ពុជាវិញទាំងអស់ ហើយសម្រាប់ឯតំណាងប្រទេសអាស៊ាន កំពុងចរចាប្រគល់ជូនឥណ្ឌូនេស៉ីជាតំណាងតែម្តង៕