(ព្រះវិហារ)៖ លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយទឹកជំនន់កន្លងមក ត្រូវខិតខំបង្ករបង្កើនផល ដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីបង្កើនជីវភាពរស់នៅក្នុងក្រុមគ្រួសារ ឱ្យកាន់តែប្រសើរឡើងវិញ ក្រោយទឹកជំនន់បានស្រកចុះ។

ការថ្លែងអំពាវនាវរបស់លោកទេសរដ្ឋមន្ត្រី មាស សុភា បែបនេះ ក្នុងឱកាសដែលលោកអញ្ជើញចែកអំណោយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់កន្លងមក ចំនួន១៥៨៥គ្រួសារ មកពីឃុំកន្ទួតនិងឃុំយាង ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក ស្រី ឌឹក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជាំក្សាន្ត និងលោក លោកស្រី ជាថ្នាក់ដឹកនាំខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធាន មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន រួមនិងមន្ដ្រីរាជការជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនេះដែរ លោក មាស សុភា បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តព្រះវិហារ ពិសេសបងប្អូនដែលរងប៉ះពាល់ដោយទឹកជំនន់ និងកំពុងមានវត្តមាននៅទីនេះ។

លោកទេសរដ្ឋមន្ត្រី បានថ្លែងលើកឡើងនូវការចូលរួមសោកស្តាយ ចំពោះគ្រោះធម្មជាតិទឹកជំនន់កន្លងមក ដែលបានធ្វើឱ្យប៉ះពាល់ដល់ផ្ទះសំបែង ផលដំណាំ ពិសេសប៉ះពាល់ជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋយើង ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃ និងយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះសុខទុក្ខប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ប្រឈមនឹងគ្រោះទឹកជំនន់ គឺសម្តេចបញ្ជាទៅអាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមអន្តរាគមន៍ទាំងយប់ទាំងថ្ងៃ ជួយប្រជាពលរដ្ឋកុំឱ្យរងគ្រោះថ្នាក់ដោយទឹកជំនន់។

លោក មាស សុភា បានថ្លែងថា «ស្របពេលដែលទឹកជំនន់បានស្រកចុះ សម្តេចតេជោ ហ៊ុន សែន ក៏នៅតែគិតគូរជានិច្ចពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើង តាមរយះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តាមរយះក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ត្រូវសហការជាមួយអាជ្ញាធរខេត្ត រាជធានី ក្រុង ស្រុក ចុះសិក្សាផលប៉ះពាល់ ដំណាំផ្សេងៗដែលរងខូចខាតដោយទឹកជំនន់ ដើម្បីរកវិធានការក្នុងការស្តារឡើងវិញ ជូនប្រជាពលរដ្ឋយើង»

លោកទេសរដ្ឋមន្ត្រីថ្លែងទៀតថា រយៈពេលប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋនៅតាមស្រុកផ្សេងៗក្នុងខេត្តព្រះវិហារ ដែលរងគ្រោះដោយទឹកជំនន់កន្លងមក បានទទួលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាមរយះលោកអភិបាលខេត្តព្រះវិហារ។ នៅថ្ងៃនេះដែរប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ មកពីឃុំកន្ទួតនិងឃុំយាង ក្នុងស្រុកជាំក្សាន្ត ក៍ទទួលបានអំណោយពីសម្តេចតេជោផងដែរ សរុបមកសម្តេចតេជោ ហ៊ុន សែន តែងស្ថិតនៅជាប់ជាមួយប្រជាពលរដ្ឋខ្មែរគ្រប់កាលៈទេសៈ ហើយលោកអំពាវនាវឱ្យប្រជាពលរដ្ឋយើង បន្តគាំទ្ររាជរដ្ឋាភិបាល គាំទ្រសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសបន្តទៅទៀត។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់សរុបចំនួន ១៥៨៥គ្រួសារ នៅឃុំ កន្ទួត និងឃុំយាង ស្រុកជាំក្សាន្ត ដែលត្រូវទទួលស្បៀងរបស់រាជរដ្ឋាភិបាលក្នុងឱកាសនេះ គឺក្នុង១គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម, មី ០១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអីវ ១យួរ, ត្រីខ ១យួរ, ទឹកសុទ្ធ ១កេស និងគ្រាប់ពូជបន្លែរួមផ្សំ ចំនួន ០៦មុខ៕