(ព្រះវិហារ)៖ លោក តូច ចាន់នី អគ្គនាយកដ្ឋានសេវាសង្គមកិច្ច ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ឧបត្ថម្ភរាល់សេចក្ដីត្រូវការចាំបាច់ របស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស តាមរយៈការផ្តល់សេវាសមស្របនិងទប់ស្កាត់រាល់អំពើជួញដូរមនុស្ស ក្នុងប្រទេស និងឆ្លងកាត់ព្រំដែនជាពិសេសការជួយជនរងគ្រោះ ស្តារនីតិសម្បទា សមាហរណកម្ម និងកិច្ចការពារសិទ្ធិជនរងគ្រោះ។
ការលើកឡើងរបស់ លោក តូច ចាន់នី បានធ្វើឡើងខណៈលោកអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងដំណើរការគ្រប់គ្រងករណីដល់អជ្ញាធរ អ្នកផ្តល់សេវាមូលដ្ឋាន ដើម្បីផ្តល់សេវាសមស្របដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។
វគ្គបណ្តុះបណ្តាលនេះ ក៏មានការចូលរួមពីអភិបាលរងខេត្តព្រះវិហារ ប្រធាននាយកដ្ឋាន គាំពារជនរងគ្រោះ ប្រធាននាយកដ្ឋានកិច្ចការពារកុមារ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តព្រះវិហារ ប្រធានគម្រោងកម្មវិធីនៃអង្គការអាស៊ានអូស្ត្រាលី ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា និងនាយកអង្គការបណ្តាញប្រតិបត្តិការជួយសង្រ្គោះ ព្រមទាំងសិក្ខាកាម ប្រធាន អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុក មេឃុំ មេភូមិ មណ្ឌលសុខភាព នាយកសាលា នៅស្រុកជាំក្សាន្តជាច្រើនរូបទៀតផងដែរ។
លោក តូច ចាន់នី បានលើកឡើងថា រាជរដ្ឋាភិបាលបានប្ដេជ្ញាយ៉ាងប្តូរផ្តាច់ ឥតរាថយក្នុងការបង្កើត បរិស្ថានអនុគ្រោះ និងលក្ខណៈចាំបាច់ជាច្រើន សម្រាប់ឱ្យកម្ពុជាអាចបោះជំហានទៅមុខប្រកបដោយក្តីសង្ឃឹម និងជំនឿទុកចិត្តយ៉ាងមុតមាំនៅលើមាគ៌ានៃកំណែទម្រង់ និងការអភិវឌ្ឍន៍ ។
លោកបានបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៥ បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណជំហានៗកំណើនការងារសមធម៌ ទិសស្លោកសំខាន់របស់យើងគឺបង្កើនប្រសិទ្ធភាពនៃសេវាសាធារណៈ និងផ្តោតការយកចិត្តទុកដាក់លើសិទ្ធិមនុស្សយេនឌ័រ ឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ លោក ក៏បានលើកទឹកចិត្តឲ្យលោក លោកស្រីទាំងអស់គ្នារួមចំណែកយ៉ាងសកម្មក្នុងការសិក្សានិងចែករំលែកចំណេះ ដឹង និងបទពិសោធន៍ផ្ទាល់ខ្លួនកន្លងមក អំពីការគ្រប់គ្រងករណីដល់ជនរងគ្រោះ។
លោកបន្តថា ជាការពិតណាស់ វគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះ មានខ្លឹមសារខ្លីច្បាស់លាស់ងាយស្រួលដល់លោក លោកស្រី ក្នុងការយកទៅអនុវត្តក្នុងកិច្ចការរបស់ខ្លួន សំដៅលើកកម្ពស់ការផ្តល់សេវាជូនជនរងគ្រោះ ដំណើរការគ្រប់គ្រងករណី ដល់អាជ្ញាធរ អ្នកផ្តល់សេវាមូលដ្ឋាន ដើម្បីផ្តល់សេវាសមស្របដល់ជនរងគ្រោះ។
លោកសង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី នឹងចូលរួមសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលនេះប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៣ថ្ងៃ ត្រូវបានសហការរៀបចំដោយនាយកដ្ឋានគាំពារជនរងគ្រោះ នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ក្រសួងសង្គមកិច្ច និងឧបត្ថម្ភគាំទ្រដោយអង្គការអាស៊ានអូស្ត្រាលីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា និងអង្គការបណ្តាញប្រតិបត្តិការជួយសង្គ្រោះ៕