(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែវិច្ឆិកា និងទិសដៅការងារ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងបំពាក់ឋានន្តរសក្ដិ និងផ្លាស់ប្តូរតួនាទីភារកិច្ច ជូននាយទាហាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដែលមានស្នាដៃកន្លងមក។
ក្នុងកិច្ចប្រជុំនេះ ធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពី លោកមេបញ្ជាការរងកងរាជអាវុហត្ថខេត្ត នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ព្រមទាំងនាយទាហាន នៃកងរាជអាវុធហត្ថសរុបចំនួន៦៣រូប ក្នុងនោះ នាយអាវុធហត្ថត្រូវបំពាក់ឋានន្តរសក្ដិចំនួន៣រូប និងផ្លាស់ប្តូរមុខតំណែងចំនួន៨រូប និងផ្ទេរភារកិច្ចចំនួន៥រូបផងដែរ។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានកោតសរសើរចំពោះនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយបានអនុវត្តតាមបទបញ្ជា និងគោរពវិន័យរបស់អង្គភាពនាពេលកន្លងមកបានយ៉ាងល្អប្រសើរប្រកបដោយទំនួលខុសត្រូវខ្ពស់៕