(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញប្រកាសតែងតាំងមន្ត្រីរាជការ និងសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យានៅសាលាខេត្តស្វាយរៀង។

មន្ដ្រីរាជការ ដែលត្រូវបានប្រកាសតែងតាំងចូលកាន់មុខតំណែងនោះរួមមាន៖

*ទី១៖ លោក ភ គង់ ជានាយករងរដ្ឋបាលសាលាខេត្ត
*ទី២៖ លោក ម៉ែន សម្បត្តិ ជានាយករងរដ្ឋបាលសាលាខេត្ត
*ទី៣៖ លោកស្រី នាង សុផល ជានាយករងរដ្ឋបាលសាលាខេត្ត
*ទី៤៖ លោក ឆាយ ភារិត ជានាយកទីចាត់ការរដ្ឋបាលសាលាខេត្ត
*ទី៥៖ លោក សោម ណារិន ជានាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត ខេត្ត
*ទី៦៖ លោក ឈុន យ៉ាន ជានាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត
*ទី៧៖ លោក ពៅ សាវ៉េន ជាអនុប្រធានផ្នែកច្បាប់
*ទី៨៖ លោក ស៊ឹម ច័ន្ទដារ៉ា ជាអនុប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សាខេត្ត។

ថ្លែងក្នុងឱកាសនោះ អភិបាលខេត្តបានធ្វើការផ្តាំផ្ញើរដល់មន្រ្តីរាជការទើបទទួលបានការ តែងតាំងមុខតំណែងថ្មី និងមន្ត្រីរាជការ ត្រូវបង្កើនការសហការ និងមានទំនាក់ទំនងល្អក្នុងចំណោមមន្ត្រីទាំងអស់ក្នុងអង្គភាពរបស់ខ្លួន ដោយមិនត្រូវមើលបំណាំគ្នា ត្រូវរួបរួម ធ្វើការងារ សាមគ្គីគ្នា ឯកភាពផ្ទៃក្នុង ក្នុងអង្គភាពឲ្យបានល្អ និងត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួនឲ្យបានត្រឹមត្រូវ ស្រប តាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលក្ខខណ្ឌការងារដែលបានកំណត់។

បន្ថែមពីនេះ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវឥរិយាបទទាំងបួនរបស់មន្ត្រីរាជការ គឺឆន្ទៈ ម្ចាស់ការ ភក្ដីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ព្រមទាំងត្រូវមានអាកប្បកិរិយាសុភាពរាបសារ ថ្លៃថ្នូរ និងម៉ឺងម៉ាត់ក្នុងការងារ និងត្រូវគោរពឋានានុក្រមការងារ គោរពវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីរាជការ ជាពិសេសគោរពតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ/ប្រធានអង្គភាព ដោយមិនត្រូវប្រកាន់ការងារថាមិនសក្តិសម ឬមិនមែនជាតួនាទីរបស់ខ្លួននោះឡើយ ហើយត្រូវគោរពម៉ោងពេលចូលបម្រើការងារឲ្យបានទៀងទាត់ ១សប្ដាហ៍ ៥ថ្ងៃ ក្នុង១ថ្ងៃ ៨ម៉ោង(ពេលព្រឹក ពីម៉ោង ៧៖០០-១១៖៣០នាទី ពេលរសៀល ពីម៉ោង ១៤៖០០-១៧៖៣០នាទី)។

លោកអភិបាលខេត្តបានបន្ដទៀតថា ក្នុងនាមជាមន្ត្រីរាជការ៖ មិនត្រូវពិសាគ្រឿងស្រវឹងក្នុងម៉ោងការងារ មិនត្រូវធ្វើ សកម្មភាពណាដែលធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងកិត្តិយសខ្លួនឯង និងអង្គភាព មិនត្រូវប្រើម៉ោងពេល និងទ្រព្យសម្បត្តិរដ្ឋ ឥទ្ធិពល ឋានៈ តួនាទី និង មុខតំណែង ដើម្បីស្វែងរកលាភសក្ការៈ ឬទាញផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។ មន្ត្រីរាជការរបស់យើង ត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាពបន្ថែម បន្តស្វែងយល់សិក្សារៀនសូត្រពីចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ ឲ្យបានជាប់ជាប្រចាំ ដើម្បីពង្រឹង និងបង្កើនសមត្ថភាពឆ្លើយតប ទៅនឹងទំហំការងារដែលចេះតែវិវត្តន៍ទៅមុខ ស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ នាពេលបច្ចុប្បន្ន។

ដោយឡែក នាយកទីចាត់ការ/ប្រធានអង្គភាព ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងវត្តមានមន្ត្រីរាជការឲ្យបានច្បាស់លាស់ ដោយត្រូវមានបញ្ជីចុះវត្តមានជាប្រចាំថ្ងៃ រាល់ការឈប់សម្រាកត្រូវស្នើសុំការអនុញ្ញាតច្បាប់ឲ្យបានត្រឹមត្រូវតាមគោលការណ៍ និងការកំណត់ មិនត្រូវដើរចោលកន្លែងការងារដោយគ្មានមូលហេតុ ព្រមទាំងត្រូវមានការបែងចែកនូវលក្ខខណ្ឌការងារជូនមន្រ្តីឲ្យបានគ្រប់ៗគ្នា។

នាយករដ្ឋបាលសាលាខេត្ត ត្រូវបែងចែកតួនាទីភារកិច្ចនៅក្នុងគណៈនាយករដ្ឋបាល (នាយក នាយករង) ឲ្យបានច្បាស់លាស់ ដើម្បីបំពេញតួនាទីជាជំនួយការដ៏ល្អ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលការងារដល់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត។ លោកបានរំលឹកដល់មន្ត្រីរាជការទាំងអស់ សូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា កាលបរិច្ឆេទបិទបញ្ចប់នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។

ដើម្បីជាចំណងដៃនៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត លោកអភិបាលខេត្ត បានឧបត្ថម្ភសម្រាប់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ក្នុងម្នាក់ ទទួលបានក្រណាត់ ហូល១ និងថវិកា១០ម៉ឺនរៀល ផងដែរ៕