(ភ្នំពេញ)៖ កម្ពុជា-ជប៉ុន បានជំរុញការបណ្តុះបណ្តាល​កម្លាំងពលកម្មជំនាញ ក្នុងបរិបទនៃឧស្សាហកម្ម ៤.០ តាមរយៈការបង្កើតមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) ​ដែលមជ្ឈមណ្ឌលនេះ នឹងក្លាយជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម៤.០​ ដើម្បីការរីកចម្រើនខាងវិទ្យាសាស្ត្រ និងបច្ចេកទេសរបស់កម្ពុជា​។

លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន ដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា បានថ្លែងថា កម្ពុជាត្រូវការបច្ចេកវិទ្យា និងធនធានមនុស្ស​​​ ដើម្បីគាំទ្រដល់ឧស្សាហកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
ជាមួយនឹងកិច្ចសហប្រតិបត្តិការរបស់ប្រទេសជប៉ុន មជ្ឈមណ្ឌល CJDM នឹងបណ្តុះបណ្តាលធនធានមនុស្ស ដែល​ប្រើសមាសធាតុលោហធាតុផ្សេងៗ ដោយប្រើបច្ចេកវិទ្យាឌីជីថល​ផលិតជាគ្រឿងបន្លាស់ និងគ្រឿងបង្គុំផ្សេងៗ ​សម្រាប់ប្រើប្រាស់ក្នុងស្រុក កាត់បន្ថយការនាំចូលពីក្រៅប្រទេស។

​លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងប្រធានគណៈកម្មការគ្រប់គ្រងមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន មានប្រសាសន៍ថា ​មជ្ឈមណ្ឌល CJDM មានបំណងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ក្នុងផ្នែកឧស្សាហកម្មឌីជីថល សម្រាប់បំពេញតម្រូវការ​លើវិស័យនេះ នាពេលអនាគត ​​ដែលនឹងជំរុញឱ្យកម្ពុជា ជាប្រទេសរីកចម្រើនខាងឧស្សាកម្ម និងកម្មន្តសាល។

លោកបន្តថា តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សនេះ នឹងទាក់ទាញបានក្រុមហ៊ុនមកវិនិយោគ លើវិស័យឧស្សាហកម្ម៤.០ នៅកម្ពុជាបន្ថែមទៀត នាពេលខាងមុខ ដោយសារតែកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ សម្រាប់បម្រើការងារក្នុងវិស័យនេះ។ ​

លោកមានប្រសាសន៍ថា «ការបង្កើតមជ្ឈមណ្ឌល CJDM គឺដើម្បីបង្ហាញថា ពីខ្មែរដើម្បីខ្មែរ ខ្មែរអាចធ្វើបាន»

មជ្ឈមណ្ឌល CJDM ត្រូវបានគាំទ្រ និងផ្តល់ជំនួយដោយជប៉ុន ។ CJDM នឹងដាក់សម្ពោធជាផ្លូវការនៅ​ដើមខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។ មជ្ឈមណ្ឌលនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិតធនធានមនុស្ស ការស្រាវជ្រាវ ការអភិវឌ្ឍ ការច្នៃប្រឌិត និងសេវាកម្មនៅក្នុងវិស័យផលិតកម្មឌីជីថលនៅកម្ពុជា។

លោក Jun Arii នាយកក្រុមហ៊ុន DMG MORI Thailand បានលើកឡើងថា ក្នុងឆ្នាំដំបូង គឺនៅឆ្នាំ២០២៣ ​គ្រូពីកម្ពុជាចំនួន៣រូប នឹងត្រូវបានបញ្ជូនទៅរៀន និងហ្វឹកហាត់ការងារនៅប្រទេសជប៉ុន ​ដើម្បីឱ្យពួកគេមានសមត្ថភាព មកបណ្តុះបណ្តាលនិស្សិតនៅកម្ពុជាផ្សេងទៀត នៅឆ្នាំបន្តបន្ទាប់វិញ។

លោក​​ Satoshi Hashimoto ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន DMG MORI ប្រចាំអាស៊ីបានថ្លែងថា «ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ខ្ញុំរំពឹងថា មជ្ឈមណ្ឌល CJDM នឹងជួយបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា។ មជ្ឈមណ្ឌលនេះនឹងបណ្តុះបណ្តាលវិស្វករជំនាញជាន់ខ្ពស់ នៅក្នុងបរិបទនៃគម្រោងឧស្សាហកម្ម ៤.០ ។ វិស្វករជំនាញនឹងកាន់តែមានតម្រូវការ សម្រាប់សំណង់នានា មិនថាអគារ ស្ពាន ថ្នល់...ឬអចលនទ្រព្យផ្សេងទៀត។ វាពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជាដែលមានធនធានមនុស្ស មានជំនាញផលិតកម្រិតពិភពលោក ។ ហើយនៅពេលអនាគតនឹងមានវិនិយោគិនកាន់តែច្រើន ចូលមកកាន់កម្ពុជា ដែលក្នុងនោះក៏មានវិនិយោគគិនជប៉ុនផងដែរ តាមរយៈការរីកចម្រើននៃធនធានមនុស្សក្នុងវិស័យនេះ។ ខ្ញុំរំពឹងថាកម្ពុជានឹងអាចពឹងផ្អែកលើធនធានមនុស្សក្នុងស្រុក ដែលមានជំនាញកម្រិតស្តង់ដារអន្តរជាតិ»

បច្ចុប្បន្ននេះ ម៉ាស៊ីន CNC កម្រិតខ្ពស់ចំនួនបី គឺ LEASERTEC 300 DED hybrid, MDG 85 mono BLOCK និង NLX2500SY ​បាននាំចូល មកកាន់មជ្ឈមណ្ឌល CJDM ដែលមានតម្លៃសរុបប្រមាណ៥លានដុល្លារអាមេរិក។ ​ក្នុងចំណោមម៉ាស៊ីនទាំង៣នេះ ម៉ាក LEASERTEC 300 DED hybrid មានតែ ៤ប៉ុណ្ណោះក្នុងពិភពលោក គឺ នៅកម្ពុជា ជប៉ុន សហរដ្ឋអាមេរិក និងអាល្លឺម៉ង។ ម៉ាស៊ីននេះ មានសមត្ថភាពផលិតគ្រឿងបន្លាស់ និងគ្រឿងបង្គំគ្រប់ប្រភេ​ទ និងគ្រប់ទំហំ ពីសមាសធាតុលោហធាតុផ្សេងៗ ដោយប្រើបច្ចេកវិទ្យាឌីជីថល៕