(ភ្នំពេញ)៖ លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា រំពឹងថា នាថ្ងៃអនាគត សហគ្រិនស្រ្តីកម្ពុជា នឹងទទួលបានប្រាក់កម្ចីក្នុង អាត្រាការប្រាក់ក្រោម១០ភាគរយ មកនៅត្រឹម ៥-៦ភាគរយ។ នេះគឺជាអ្វីដែលសមាគមសហគ្រិនស្រ្តីកម្ពុជា ចង់បានបន្ទាប់ពី បានប្រជុំតស៊ូមតិជាច្រើនលើក ច្រើនសារ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធនាពេលកន្លងមក។
លោកស្រី កែវ មុំ បានអះអាងឲ្យដឹងថា «សមាគមសហគ្រិនស្រ្តីកម្ពុជា តែងបានប្រជុំជាមួយសម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងនៅតាមវេទិកាឯកជនជាច្រើនទៀត នាងខ្ញុំតែងលើកឡើងពីការស្នើឲ្យ ធនាគារបញ្ចុះនូវអាត្រាការប្រាក់ ទៅដល់សហគ្រិនស្រ្តីដែល បានស្នើខ្ចីធនាគារ។ ការស្នើនេះ ពេលខ្លះអាចដោះស្រាយបាន នៅពេលខ្លះទៀតដោះស្រាយមិនបាន ដោយសារត្រូវការចំណាយពេលវេលាច្រើន បញ្ហាហិរញ្ញាវត្ថុ នៅតែជាបញ្ហាមិនទាន់ អាចដោះស្រាយបាន»។
យ៉ាងណាក៏ដោយ លោកស្រី កែវ មុំ បានបញ្ជាក់ថា អាត្រាការប្រាក់សម្រាប់សហគ្រិនស្រ្តី ដែលខ្ចីពីធនាគារកន្លងមក គឺបានថយចុះជាងមុន គឺនៅក្រោម១០ភាគរយ។
លោកស្រី កែវ មុំ បានលើកឡើងបែបនៅក្នុង សន្និសីទសារព័ត៌មាន ស្តីពីដំណើរការកម្មវិធីបណ្តុះបណ្តាលសមត្ថភាពសហគ្រិនស្រ្តី រៀបចំធ្វើនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ នៅអាគារសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) រាជធានីភ្នំពេញ។
ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាដដែល បានលើកឡើងថា បញ្ហាប្រឈមដែលអ្នកស្រី កំពុងតែព្រួយបារម្ភ គឺកង្វះថវិកាហិរញ្ញាវត្ថុ ក្នុងការពង្រឹងអាជីវកម្ម ដោយសារតែអាត្រាការប្រាក់ខ្ពស់។ ជាទូទៅអាជីវកម្ម គឺមានការប្រកួតប្រជែងច្រើន ធ្វើឲ្យប្រាក់ចំណេញទទួលបានតិច។
លោកស្រី កែវ មុំ បញ្ជាក់ថា ការតស៊ូមតិទាមទារ គឺនៅតែមានដរាបណា អាត្រាការប្រាក់មានការថយចុះ មកនៅត្រឹម៥-៦ភាគរយ ហើយការតស៊ូមតិមួយទៀត ក៏នឹងនៅតែបន្តដែរ គឺការស្នើឲ្យធនាគារ រឺស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត កុំដាក់លក្ខខណ្ឌតម្រូវឲ្យមាន ប្លង់ដី ឬទ្រព្យ បញ្ចាំ ទើបសហគ្រិនស្រ្តីអាចខ្ចីបាន ដោយបង្វែរឲ្យមានត្រឹមតែ គម្រោងអាជីវកម្ម និងសំភារៈបរិក្ខារៈមួយចំនួន ដែលអាចដាក់បញ្ចាំឲ្យខ្ចីបាន។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា រំពឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងអាចជួយដោះស្រាយបញ្ហានេះបាន ទោះបីជាមិនបានរហូតដល់០.២ភាគរយ ដូចប្រទេសជប៉ុន តែសូមឲ្យកម្ពុជាអាចថយចុះ អាត្រាការប្រាក់មកនៅត្រឹម៥- ៦ភាគរយ ឬអាចបន្តថយចុះជាបន្តបន្ទាប់ទៀត នាពេលអនាគត៕