(អាមេរិក)៖ បណ្ដាញទំនាក់ទំនងសង្គម Twitter បានចំណាយទឹកប្រាក់ ៧០លានដុល្លារអាមេរិក ទៅលើក្រុមហ៊ុនផ្ដល់សេវាកម្មតន្ត្រី SoundCloud ដើម្បីពង្រីកទីផ្សារឲ្យកាន់តែទូលំទូលាយ និងប្រសើរឡើងជាមុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦។
គេហទំព័របច្ចេកវិទ្យា Re/code បានចេញផ្សាយព័ត៌មានមួយថា Twitter បានវិនិយោគទុនទឹកប្រាក់ ៧០លានដុល្លារអាមេរិក ទៅលើក្រុមហ៊ុនអាល្លឺម៉ង់ SoundCloud ដោយការវិនិយោគនេះ ត្រូវបានធ្វើឡើងយ៉ាងស្ងាត់ៗបំផុត ប៉ុន្តែត្រូវបានទម្លាយដោយប្រភពជិតស្និទ្ធ ដែលដឹងរឿងនេះ។
ក្រោយពី Reuters បានចេញផ្សាយបន្តនូវព័ត៌មាននេះ ខាងបណ្ដាញសង្គម Twitter បានចេញមុខបញ្ជាក់ថា ខ្លួនពិតជាបានវិនិយោគទៅលើក្រុមហ៊ុន SoundCloud មែន ប៉ុន្តែមិនបានបញ្ជាក់ពីទំហំទឹកប្រាក់ឡើយ។ «នៅដើមឆ្នាំនេះ យើងបានវិនិយោគទៅលើក្រុមហ៊ុន SoundCloud តាមរយៈការបណ្ដាក់ទុក ដើម្បីជួយឲ្យ SoundCloud កាន់តែរីកចម្រើន»។ នេះជាសំដីរបស់លោក Jack Dorsey នាយកប្រតិបត្តិ Twitter៕