(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៩:៥៩នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៧ (GS7-F15) មូលហេតុបណ្តាលមកពីមានប្រជាពលរដ្ឋប្រើប្រាស់អេស្កាវ៉ាទ័រកាយដីដាក់លូ ប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីដែលមានទីតាំងស្ថិតនៅ៖ (១)សង្កាត់ព្រែកថ្មី សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (២)សង្កាត់កំពង់សំណាញ់ សង្កាត់តាក្តុល សង្កាត់ព្រែកហូរ សង្កាត់ព្រែកឬស្សី សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រុមការងារបច្ចេកទេស បានធ្វើការភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១៦:២៤នាទីរសៀល។ លើកលែងតែបន្ទប់ភ្លើងលេខ P1765 និង P1766 ដែលមានទីតាំងស្ថិតនៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រុមការងារបច្ចេកទេសកំពុងធ្វើការ ជួសជុលកំហូច ដើម្បីភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង២២៖០០នាទីយប់។

អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕