(ភ្នំពេញ)៖ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៉ីហ្សាឌីន វ៉ាឌូឡាហ៍ នៃប្រទេស ព្រុយណេ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីកិច្ចសហប្រតិបត្តិការយុវជន និងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីកិច្ចសហប្រតិបត្តិការវប្បធម៌ និងវិចិត្រសិល្បៈ រវាងប្រទេសទាំងពីរ។

នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម រវាងព្រះរាជាណាចក្រកម្ពុជា និងព្រុយណេ ក្នុងឱកាសព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះចៅស៊ុលតង់ ព្រុយណេ នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ព្រះចៅស៊ុលតង់ ព្រុយណេ បានយាងជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ហើយថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាពីការងារជាច្រើន។

សេចក្តីថ្លែងការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្នាក់ដឹកនាំទាំងពីរបានស្វាគមន៍ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការយុវជន និងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ព្រមទាំងបានឯកភាពថានឹងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារទាំងឡាយដែលបានចុះហត្ថលេខារួច»

សូមជម្រាបថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងព្រះចៅស៊ុលតង់ នៃព្រុយណេដារ៉ូសាឡឹម ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងវិចិត្រសិល្បៈតាម ប្រព័ន្ធវីដេអូ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាខាងលើនេះ ភាគីកម្ពុជាមានលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្ប ធម៌និងវិចិត្រសិល្បៈ ជាហត្ថលេខី តំណាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងភាគីព្រុយណេ មានលោក MAJOR GENRAL (Rtd.) DATO PADUKA SERI HAJI AMINUDDIN IHSAN BIN PEHIN ORANG KAYA SAIFUL MULOK DATO SERI PADUKA HAJI ABIDIN រដ្ឋមន្រី្តក្រសួងវប្បធម៌ យុវជន និងកីឡា ជាហត្ថលេខីតំណាងតាងនាម ព្រះចៅស៊ុលតង់ នៃរាជរដ្ឋាភិបាលព្រុយណេដារ៉ូសាឡឹម។

គោលបំណងនៃការចុះអនុស្សរណៈយោគយល់គ្នានេះ គឺដើម្បីពង្រឹងទំនាក់ទំនងលើវិស័យវប្បធម៌រវាងប្រជាជននិងប្រទេសទាំងពីរកម្ពុជា-ព្រុយណេ ការជំរុញការផ្លាស់ប្តូរក្នុងវិស័យវប្បធម៌ លើកទឹកចិត្ត និងលើកកម្ពស់កិច្ចសហប្រតិបតិ្តការវប្បធម៌ដោយផ្អែកលើគោលការណ៍ស្មើភាពគ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

ភាគីទាំងពីរ នឹងជំរុញលើកទឹកចិត្ត និងសម្របសម្រួលការផ្លាស់ប្តូរវប្បធម៌ ទស្សនកិច្ចសិក្សា វគ្គបណ្តុះបណ្តាលការតាំងពិព័រណ៍ការចូលរួមក្នុងសន្និសីទ វេទិកាសន្និសីទ ជំនាញ សិក្ខាសាលា មហោស្រព និងសកម្មភាពដទៃទៀត ដែលរៀបចំដោយប្រទេសណាមួយក្នុងវិស័យដូចជា ១. សិល្បៈទស្សនីយ ភាព, ២. សិល្បៈវិចិត្រ និងសូនរូប, ៣. ការតាំងពិព័រណ៍, ទី៤. សិល្បៈសិប្បកម្ម, ទី៥. សារមនី្ទរបុរាណវិទ្យា និងបេតិកភណ្ឌ, ទី៦. នរវិទ្យា និងជាតិពន្ទុវិទ្យា, ទី៧. បណ្ណាល័យ និងបណ្ណាសារ, ទី៨. ប្រវតិ្តសាស្រ្ត និងអក្សរសាស្រ្ត, ទី៩. ឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត, ទី១០. គ្រឹះស្ថានវប្បធម៌ និងAcademics និងទី១១. ទម្រង់កិច្ចសហប្រតិបតិ្តការដទៃទៀតដែលបានព្រមព្រៀងគ្នា៕