(ភ្នំពេញ)៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងទីភ្នាក់ងារលើកកម្ពស់អាជីវកម្មខ្នាតតូច របស់ប្រទេសកូរ៉ បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីការអភិវឌ្ឍន៍ជំនាញក្នុងការផលិត និងជំរុញការនាំចេញផលិតផល របស់សហគ្រាសធុនតូច និងមធ្យម កម្ពុជាទៅប្រទេសកូរ៉េ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់បានធ្វើឡើងនារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ​ក្រោមអធិបតីភាពលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងលោក គីម យ៉ូងហ៊ុន ជាស្ថាបនិកនិងប្រធាន KSMBPA ។

ឧកញ៉ា តែ តាំងប៉ សង្ឃឹម​ថា កសិករកម្ពុជា​ នឹងទទួលបានបទពិសោធន៍ពីប្រទេសកូរ៉េ ​ពីបច្ចេកទេសកសិកម្មថ្មី និងវិធីសាស្រ្តចែកចាយថ្មី ដែលនឹងផ្តល់ប្រយោជន៍ដល់ប្រទេសកម្ពុជាផងដែរ។ ​អ្នកវិនិយោគ​ដែលមកបណ្តាក់ទុនវិនិយោគ និងបង្ហាត់បងៀន​ឲ្យផ្សារភ្ជាប់ ទៅតាមចង្វាក់ផលិតកម្មតាមរោងចក្រ ដើម្បីធ្វើការកែច្នៃផលិតផលក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារជិតខាង ក៏ដូចប្រទេសកូរ៉េ និងពិភពលោក ​ដោយសារកម្ពុជាមានសក្តានុពលផ្នែកវិស័យកសិកម្មខ្លាំង។ ​​

លោកឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ថា «ដោយមើលឃើញថា ម្ចាស់សហគ្រាសធុនតូច និងមធ្យមកម្ពុជា​​ និងម្ចាស់សហគ្រាស ដែលមានវត្តមាននៅទីនេះ កំពុងត្រូវការចំណេះដឹងបន្ថែម ទាក់ទងនឹងការអភិវឌ្ឍន៍ជំនាញ ក្នុងការផលិត និងជំរុញការនាំចេញផលិតផលរបស់ខ្លួនទៅទីផ្សារក្រៅប្រទេស តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ យើងបានសហការជាមួយភាគីកូរ៉េ ក្នុងការរៀបចំកម្ម វិធីសិក្ខាសាលាផ្គូរផ្គងអាជីវកម្មរវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េ ​កម្មវិធីជួបជុំរវាងដៃគូ អ្នកវិនិយោគ​កម្ពុជា និង ​កូរ៉េ ​កម្មវិធីទស្សនកិច្ចសិក្សាចែករំលែក បទពិសោធន៍រវាងប្រទេសទាំងពីរ ​កម្មវិធីតាំងពិព័រណ៍ រវាងប្រទេសទាំងពីរ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនកូរ៉េ និងកម្ពុជា និងរៀបចំវគ្គបណ្តុះបណ្តាលកែច្នៃវត្ថុធាតុដើម ទៅជាគ្រឿងជាងសម្រាប់ តម្លើងគ្រឿងម៉ាស៊ីន ដើម្បីបង្កើតសាខាមួយនៅកម្ពុជា និងផ្លាស់ទីទៅធ្វើអាជីវកម្ម។»

លោកបញ្ជាក់ទៀតថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ និងមានផលិតផលខ្មែរជាច្រើន អាចនាំចេញទៅលក់ទៅក្នុងទីផ្សារប្រទេសកូរ៉េ ហើយម្ចាស់សហគ្រាស របស់យើងក៏ទទួលបានចំណេះដឹងថ្មីៗ កាន់តែច្រើនបន្ថែមទៀត ក្នុងការផលិតផលរបស់ខ្លួន ឲ្យស្របតាមទីផ្សារកូរ៉េ និងបានជួបផ្ទាល់ជាមួយអ្នកវិនិយោគកូរ៉េតាមរយៈការធ្វើទស្សនៈកិច្ចរវាងប្រទេសទាំងពីរ និងការតាំងពិពណ៍ផលិតផលរវាងប្រទេសពីរ»

ជាមួយគ្នានោះ លោកឧកញ៉ា តែ តាំងប៉ បានលើកទឹកចិត្តដល់វិនិយោគកូរ៉េ «ដោយធានាថា បើអ្នកវិនិយោគកូរ៉េ ចង់វិនិយោគនៅទូទាំងកម្ពុជា ២៥ខេត្ត-រាជធានី លោកអាចជួយបានទាំងអស់ ដោយសម្រួលបង្កើតតំបន់ឧស្សាហ៍កម្ម មានដី ដោយរាជរដ្ឋាភិបាលបានលើកទឹកចិត្តអ្នកនៅក្នុងតំបន់។ អ្នកវិនិយោកូរ៉េ ចង់វិនិយោគ នៅខេត្តណា FASMEC នឹងជួយរៀបចំឯកសារ សម្របសម្រួលផ្លូវច្បាប់ ធ្វើមិចឱ្យអ្នកវិនិយោគកូរ៉េ បង្កើតក្នុងតំបន់ធ្វើការលក់នៅក្នុងស្រុក ហើយនាំចេញក៏ស្រួលដែរ»

លោក គីម យ៉ូងហ៊ុន ជាស្ថាបនិក និងប្រធាន KSMBPA បានឲ្យដឹងថា ទីភ្នាក់ងារលើកកម្ពស់ អាជីវកម្មធុនតូច និងមធ្យមរបស់ប្រទេសកូរ៉េ ត្រូវបានបង្កើតឡើង នៅខែឧសភា ឆ្នាំ២០២១ និងបានទទួលការអនុញ្ញាតជាផ្លូវការពីក្រសួងពាណិជ្ជកម្មខ្នាតតូច និងមធ្យមនៃសាធារណរដ្ឋកូរ៉េ ដើម្បីគាំទ្រដល់ការចាប់ផ្តើមអាជីវកម្ម និងអាជីវកម្មថ្មីសម្រាប់សហគ្រាសធុនតូច និងមធ្យម និងផ្តល់ការបណ្ដុះបណ្តាលសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យម ទាក់ទងនឹងទីផ្សារ, និន្នាការអាជីវកម្ម និងបច្ចេកវិទ្យាថ្មី ព្រមទាំងបង្កើតបណ្តាញអ្នកជំនាញ ដើម្បីដោះស្រាយការលំបាក ដូចជាបច្ចេកវិទ្យា និងការលក់របស់សហគ្រាសធុនតូចនិងមធ្យម និងពង្រីកអាជីវកម្ម នៅក្រៅប្រទេស។ មិនតែប៉ុណ្ណោះ យើងខ្ញុំកំពុងខិតខំប្រឹងប្រែង ដើម្បីជួយដល់អាជីវកម្មខ្នាតតូច និងមធ្យម និងម្ចាស់អាជីវកម្មខ្នាតតូច ក្នុងការពង្រីកអាជីវកម្ម នៅក្រៅប្រទេស ដូចជាប្រទេសកម្ពុជាជាដើម។

លោក គីម យ៉ូងហ៊ុន បានអះអាងថា លោកនឹងព្យាយាមជួយផលិតផលកសិកម្ម ដែលជាកម្លាំងរបស់កម្ពុជា ដើរឲ្យទាន់មួយបដិវត្ត ឧស្សាហកម្ម៤.០។

លោកបន្តថា «តាមរយៈបច្ចេកវិជ្ជាកសិកម្មទំនើបរបស់ប្រទេសកូរ៉េ និងធនធានមនុស្សក្នុងកសិកម្ម និងឧស្សាហកម្មកម្ពុជា យើងអាចនឹងធ្វើឱ្យវិស័យកសិកម្ម កាន់តែប្រសើដោយលើកកម្ពស់គុណភាព និងផលិតភាព។ ជាពិសេស យើងរំពឹងថា នឹងមានការកើនឡើងនូវប្រាក់ចំណូល និងការនាំចេញរបស់កសិផលកម្ពុជា តាមរយៈការផ្គត់ផ្គង់បច្ចេកវិទ្យា ដូចជា កសិដ្ឋានឆ្លាតវៃជាដើម។ លើសពីនេះ ប្រទេសកម្ពុជានឹងត្រូវការបច្ចេកវិទ្យាខ្ពស់ដូចជា បច្ចេកវិទ្យា IT និងម៉ូតូអគ្គិសនី ដែលអាចនិយាយបានថាជាចំណុចខ្លាំងរបស់ប្រទេសកូរ៉េ សម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្មនៅប្រទេសកម្ពុជាជាច្រើន»