(ភ្នំពេញ)៖ មានការបញ្ជាផ្ទាល់ពីលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក ម៉ៅ បូណែត អភិបាលរងខណ្ឌ បានចុះត្រួតពិនិត្យទីតាំងដីឡូតិ៍លេខ២០ ស្ថិតនៅភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ នៅពេលក្រុមការងារបានចុះដល់ទីតាំង និងត្រួតពិនិត្យឃើញថា ពុំមានបង្កប់ល្បែងស៊ីសង (អាប៉ោង) ដូចដែលសារព័ត៌មានមួយចំនួន បានចុះផ្សាយកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នោះទេ ក្រុមការងារឃើញមានតែបន្ទប់ទំនេរចំនួន ០៣បន្ទប់តែប៉ុណ្តោះ។

ការចុះពិនិត្យទីតាំងខាងលើនេះក៏មានការចូលរួមពីសំណាក់លោកចៅសង្កាត់រងទី២ សង្កាត់បឹងត្របែក, ជំនួយការកងរាជអាវុធហត្ថខណ្ឌចំការមន, មន្ត្រីប៉ុស្តិ៍នគរបាលនគរបាលរដ្ឋបាលបឹងត្របែក, ប្រធានភូមិ៨ និងមន្ត្រីពាក់ព័ន្ធ។

បន្ទាប់ក្រុមការងារបានណែនាំដល់ម្ចាស់ទីតាំង មិនឱ្យមានការលេងល្បែងស៊ីសងភ្នាល់ដាក់លុយដាច់ខាត៕