(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពសម្ពោធជាផ្លូវការរោងចក្រផលិតកេសកាតុង អូជី ភែកឃិជីង (ខេមបូឌា) ឯ.ក នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលមានតម្លៃប្រមាណ៣០លានដុល្លារអាមេរិក។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏សូមអបអរសាទរចំពោះក្រុមហ៊ុនជប៉ុន OJI Holding Group ដែលបានសម្រេចនូវបង្គោលចរថ្មីមួយទៀត រួមជាមួយនឹងការប្តេជ្ញាចិត្តជំរុញឱ្យកម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលវេចខ្ចប់ឈានមុខគេនៅក្នុងតំបន់ បន្ទាប់ពីបានដំណើរការអាជីវកម្មនៅកម្ពុជាអស់រយៈពេលជាង ១៨ឆ្នាំកន្លងមកនេះ ហើយក៏សូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងដ៏សស្រាក់សស្រាំរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ដែលបានជំរុញឱ្យក្រុមហ៊ុនទទួលបានជោគជ័យ រហូតឈានដល់ការបើករោងចក្រទី៣ ដោយក្នុងនេះមានការបំពាក់នូវម៉ាស៊ីនផលិតកេសកាតុងស្វ័យប្រវត្តិ ដែលជាម៉ាស៊ីនដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ជាមួយគ្នានេះដែរ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏សូមអរគុណដល់ក្រុមហ៊ុន ដែលបានជ្រើសរើសយកកម្ពុជាជាគោលដៅក្នុងការវិនិយោគរយៈពេលវែង ដែលជាសញ្ញាវិជ្ជមានប្រកបដោយសុទិដ្ឋិនិយម ដែលបង្ហាញអំពីទំនុកចិត្តចំពោះលក្ខណៈអំណោយផលល្អនៃបរិយាកាសវិនិយោគ ក៏ដូចជាចំពោះសក្តានុពលដ៏រឹងមាំនៃវិស័យឧស្សាហកម្មនៅកម្ពុជា។

លោក Hiroyuki Isono ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនអូជី Holding Corporation បានឱ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុនបានធ្វើការផ្គត់ផ្គង់ប្រមាណជា៤០% នៅលើទីផ្សារកម្ពុជា ហើយការដែលទទួលបានចំណែកទីផ្សាដ៏ធំនេះ ក៏ដោយសារតែក្រុមហ៊ុនបានផ្តល់ជូននូវទំនិញដែលជាប្រភេទកេសកាតុងសម្រាប់វេចខ្ចប់នេះ មានគុណភាពខ្ពស់ និងសេវាកម្មល្អដល់អតិថិជនរបស់យើង។

នាយកប្រតិបត្តិក្រុមហ៊ុនអូជីរូបនេះ បានបន្តថា បើយើងក្រឡេកទៅមើលទីផ្សារអាស៊ីអាគ្នេយ៍ និងទីផ្សារឥណ្ឌា យើងឃើញថា ការផ្គត់ផ្គង់របស់យើងមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយលោកក៏បានដាក់ចេញនូវគោលដៅក្នុងការពង្រីកទីផ្សារនៅក្រៅប្រទេសឱ្យបានលើលពី៥០% នៃអនុបាទសរុបសម្រាប់ផែនការរយៈពេលខ្លីនៃអាជីវកម្ម ក្នុងគោលបំណងដើម្បីក្លាយខ្លួនទៅជាក្រុមហ៊ុនផ្គត់ផ្គង់កេសកាតុងសម្រាប់វេចខ្ចប់ទី១ នៅក្នុងតំបន់នេះ។

លោក Hiroyuki Isono បានគូសបញ្ជាក់ថា៖ «ក្រុមហ៊ុន Oji បានវិនិយោគទុនប្រមាណ ៣០លានដុល្លារសហរដ្ឋ អាមេរិក ដើម្បីបំពាក់បច្ចេកវិទ្យាទំនើបបំផុត ដែលមានសមត្ថភាពផលិត កេសកាតុងសម្រាប់វេចខ្ចប់នេះឱ្យមានគុណភាពកាន់តែល្អប្រសើរឡើង ក្នុងនាមជាឧស្សហកម្មដែលផលិត កេសកាតុងសម្រាប់វេចខ្ចប់ឈានមុខគេនាសម័យបច្ចុប្បន្ននេះ ខណៈនៅឆ្នាំ២០២៣ ខាងមុខនេះក្រុមហ៊ុននឹងបង្កើនថវិកាវិនិយោគប្រមាណ១០លានដុល្លារបន្ថែមទៀត»។

បន្ថែមពីនេះ លោកបានឱ្យដឹងថា នៅឆ្នាំក្រោយ Oji Holdings នឹងប្រារព្ធខួបលើកទី ១៥០ឆ្នាំ ដែលត្រូវបានបង្កើតឡើងដោយ លោក Eiichi Shibusawa ក្នុងឆ្នាំ១៨៧៣។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ យើងបានវិវឌ្ឍខ្លួនឥតឈប់ឈរ ហើយក្លាយទៅជាក្រុមហ៊ុនផលិត ក្រដាស និងកេសតាតុងសម្រាប់វេចខ្ចប់ ឈានមុខគេមួយនៅក្នុងពិភពលោក។

លោក Hiroyuki Isono បានបញ្ជាក់ថា ចាប់តាំងពី Oji ទិញយកក្រុមហ៊ុន Harta Packaging Industries ក្នុងឆ្នាំ២០១១មក Oji បានបន្តការវិនិយោគក្នុងប្រទេសកម្ពុជា ដើម្បីពង្រីកវិសាលភាពនៃការផ្គត់ផ្គង់បន្ថែមទៀត ក្នុងនាមជាក្រុមហ៊ុន ផលិតកេសកាតុងសម្រាប់វេចខ្ចប់ធំជាងគេនៅកម្ពុជា។ ក្នុងឆ្នាំ២០១២ ក្រុមហ៊ុនបានបង្កើតក្រុមហ៊ុន Ojitex Harta Packaging (ក្រុងព្រះសីហនុ) ដែលជារោងចក្រផលិតកេសកាតុងសម្រាប់វេចខ្ចប់ទី២។ ជាមួយនិងការលូតលាស់នៃសេដ្ឋកិច្ចកម្ពុជា រហូតដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន ក៏មានឱកាសវិវឌ្ឍខ្លួនកាន់តែធំឡើងៗផងដែរ ជាក់ស្តែងដូចនៅថ្ងៃនេះ ក្រុមហ៊ុនក៏បានប្រកាសជាផ្លូវការនូវការបើកសម្ពោធក្រុមហ៊ុន Oji Packaging (Cambodia) ដែលជារោងចក្រទី៣ របស់យើងនៅកម្ពុជា»៕