(ភ្នំពេញ)៖ លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានបង្ហាញនូវភាពភ្ញាក់ផ្អើល ក្រោយពីដឹងថា ប្រទេសកម្ពុជា មានអគ្គិសនីសម្រាប់ប្រើប្រាស់រហូតដល់ជាង៥០ភាគរយ ដែលទទួលបានប្រភពចេញពីថាមពលស្អាត និងថាមពលកកើតឡើងវិញ។

នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ថ្លែងក្នុងកិច្ចសន្ទនា ស្ដីពីការប្រើប្រាស់ថាមពលអគ្គិសនី សម្រាប់វិស័យកសិកម្ម នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងពិធីពិព័រណ៍ជាមួយឯកឧត្ដម នាយករដ្ឋមន្ដ្រីអូស្ដ្រាលី Anthony Albanese ពេលដែលយើងប្រាប់គាត់ថា កម្ពុជាមានអគ្គិសនីមកពីប្រភពថាមពលស្អាត និងថាមពលកកើតឡើងវិញ រហូតដល់ជាង៥០ភាគរយ គឺគាត់មានការភ្ញាក់ផ្អើល»។

លោក កែវ រតនៈ បានឲ្យដឹងថា ការភ្ញាក់ផ្អើលនេះ ដោយសារសូម្បីតែនៅក្នុងប្រទេសអូស្ដ្រាលី នាពេលបច្ចុប្បន្ន ថាមពលខ្យល់ និងថាមពលចេញពីពន្លឺព្រះអាទិត្យ បានតែ២៥ភាគរយតែប៉ុណ្ណោះ ដែលជាថាមពលស្អាត ប៉ុន្ដែថាមពលជាង៦០ ទៅ៧០ភាគរយទៀត គឺជាថាមពលដែលចេញពីឧស្ម័ន និងចេញពីការផលិតដោយធ្យូងថ្ម។

បើតាមអគ្គនាយកអគ្គិសនីកម្ពុជា អ្វីដែលជាមោទនភាពរបស់កម្ពុជា ការផលិតអគ្គិសនីរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ ប្រភពដែលកម្ពុជាយកមកប្រើប្រាស់ ក្នុងការផលិតអគ្គិសនីគឺជាង៥០ភាគរយ ជាប្រភពដែលចេញមកពីថាមពលស្អាត និងថាមពលកកើតឡើងវិញ៕