(ភ្នំពេញ)៖ ព្រះឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ជាមួយប្រធានាធិបតីប្រទេសឆេកូស្លូវ៉ាគី លោក Antonin Novotny ប្រហែលជានៅឆ្នាំ១៩៦៣។ ព្រះឆាយាល័ក្ខណ៍របស់ទ្រង់ថតដោយ Jiri Rublic ដែលត្រូវបានដាក់តាំងបង្ហាញនៅក្នុង «ពិព័រណ៍ក្តីសុបិនកម្ពុជា» នៅសាលមហោស្រពចតុមុខ ដែលរៀបចំឡើងដោយបណ្ណាល័យសម្តេចម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។

ព្រះឆាយាល័ក្ខណ៍នេះ បានឆ្លុះបញ្ចាំងអំពីអតីតកាលដែលមិនចេះនឿយណាយ និងទទួលបានការសព្វព្រះរាជហឬទ័យពីព្រះរាជវង្សានុវង្ស។

«ពិព័រណ៍ក្តីសុបិនកម្ពុជា» ត្រូវបានរៀបចំឡើងដោយលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ដោយមានការណែនាំពី សម្តេច រាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះស្ថាបនិកមូលនិធិមុទិតា និង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសគម្រប់ខួប១០០ព្រះវស្សានៃការប្រសូត្ររបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ។ ដោយមានការអនុញ្ញាតពីព្រះរាជវង្សានុវង្ស មជ្ឈមណ្ឌលឯកសារកម្ពុជាបានបន្តរក្សាការតាំងពិព័រណ៍ដ៏ប្រណិតនេះ សម្រាប់កិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា។