(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសន្តិភាពកម្ពុជា (វ.ស.ក) និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ក្នុងឋានៈកម្ពុជា ធ្វើជាប្រធានអាស៊ានប្តូវេនឆ្នាំ២០២២ បានសម្រេចបាននូវគោលនយោបាយថ្នាក់ថ្នម «មជ្ឈភាពអាស៊ាន» មិនឱ្យមានការបែកបាក់ផ្ទៃក្នុងអាស៊ាន និងបង្កើន «មិត្តភាពអាស៊ាន»។

លោក សួន សេរីរដ្ឋា បានបន្ថែមថា អ្វីដែលពិសេសថែមពីលើនោះទៅទៀត ក្នុងនាមជាប្រធានអាស៊ាន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានប្តូរវេន គឺបានរក្សាជំហរ «រក្សាចាស់បន្ថែមថ្មី» ដោយការថ្នាក់ថ្នមប្រទេសមីយ៉ាន់ម៉ា មិនឱ្យបែកបាក់ចេញពីអាស៊ាន និងបានជំរុញឱ្យបណ្តាប្រទេសសមាជិកអាស៊ានចាស់ ទទួលយកប្រទេសទីម័រខាងកើត ចូលជាសមាជិកអាស៊ានថ្មីឱ្យបានឆាប់ តាមរយៈការផ្តល់ឋានៈជាអ្នកអង្កេតការណ៍ដើម្បីត្រៀមចូលជាសមាជិកពេញសិទ្ធិ នៅពេលខាងមុខ។

តាមរយៈបណ្តាញព័ត៌មាន Fresh News លោក សួន សេរីរដ្ឋា បានគូសបញ្ជាក់ថា៖ «កូនក្រមុំអាស៊ាន ដ៏ស្រស់ឆ្លាត ពេលនៅក្រោមអាណាព្យាបាលរបស់កម្ពុជា មួយឆ្នាំ២០២២ពេញនេះ បានបើកចិត្តយ៉ាងទូលាយទទួលយកដៃគូរមិត្តភាពឆ្លាត (ចិន) និងដៃគូរមិត្តភាពពូកែ (អាមេរិក) ព្រមទាំងដៃគូរមហាមិត្តទាំងអស់នៃសមាជិកសន្ធិសញ្ញា TAC ដែលជាសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ដែលមាន៥០ ប្រទេសនាពេលនេះ ជាមិត្តដ៏ល្អវិសេសវិសាលរបស់អាស៊ាន»

លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា៖ «ជាភាពឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ានប្តូវេននាឆ្នាំ២០២២។ នេះជាមោទនភាពនៃនយោបាយការទូតដ៏ទន់ភ្លន់ល្អឥតខ្ចោះរបស់កម្ពុជា ជាប្រធានអាស៊ានប្តូវេន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា»

សូមជម្រាបថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធាន កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលធ្វើឡើងដោយទម្រង់ផ្ទាល់ជាលើកទី៣នៅកម្ពុជា ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានដំណើរការទៅយ៉ាងរលូនប្រកបដោយសន្តិសុខសុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ។

ភាពជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមការដឹកនាំរបស់សម្តេចតេជោជាប្រធានអាស៊ានបានទទួលនូវការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់មេដឹកនាំនានានៅលើពិភពលោក។ ជោគជ័យដ៏ត្រចេះត្រចង់ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទាំងនេះបានបង្កើតជាកិត្តិយសជាតិ មោទនភាពជាតិ និងកិត្យានុភាពជាតិដ៏សម្បើមមួយសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល៕