(ភ្នំពេញ)៖ លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ កម្ពុជាមានថាមពលអគ្គិសនី សម្រាប់ប្រើប្រាស់ចំនួន ៤,២៤៦មេហ្កាវ៉ាត់ ខណៈការប្រើប្រាស់ប្រចាំថ្ងៃប្រើអស់តែជាង ២,១០០មេហ្កាវ៉ាត់តែប៉ុណ្ណោះ ដែលធ្វើឲ្យកម្ពុជានៅសល់អគ្គិសនីជាងពាក់កណ្ដាលទៀត។

ការបញ្ជាក់ឲ្យដឹងបែបនេះរបស់រដ្ឋមន្ដ្រី ស៊ុយ សែម ធ្វើឡើងក្នុងកិច្ចសន្ទនា ស្ដីពីការប្រើប្រាស់ថាមពលអគ្គិសនី សម្រាប់វិស័យកសិកម្ម នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

រដ្ឋមន្ដ្រី ស៊ុយ សែម បានបញ្ជាក់យ៉ាងដូច្នេះថា «សព្វថ្ងៃនេះយើងមានភ្លើងគ្រប់គ្រាន់ ដែលមានចំនួនជាង ៤ពាន់មេហ្កាវ៉ាត់ ខណៈប្រចាំថ្ងៃ យើងប្រើតែជាង ២,១០០មេហ្កាវ៉ាត់តែប៉ុណ្ណោះ យើងនៅសល់ពាក់កណ្ដាលទៀត ដូច្នេះសូមបងប្អូនកុំភ័យរឿងខ្វះភ្លើងប្រើប្រាស់ នៅគ្រប់វិស័យសេដ្ឋកិច្ច ក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋ»។

រដ្ឋមន្ដ្រី ស៊ុយ សែម បានលើកឡើងពីការអភិវឌ្ឍន៍វិស័យអគ្គិសនីនៅកម្ពុជា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ ដោយឆ្នាំ២០១៨ កម្ពុជាមានអគ្គិសនីចំនួន ២,៦៥០មេហ្កាវ៉ាត់ ប៉ុន្ដែមកដល់បច្ចុប្បន្ននេះនៅឆ្នាំ២០២២ កម្ពុជាមានអគ្គិសនីចំនួន ៤,២៤៦មេហ្កាវ៉ាត់ បើគិតជាភាគរយមានការកើនឡើង៦០%។

រដ្ឋមន្ដ្រីបានឲ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំ ការអភិវឌ្ឍន៍បណ្ដាញបញ្ជូនបានធ្វើឲ្យខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ដែលនៅក្នុងឆ្នាំ២០១៨ កម្ពុជាមាន ២,១៤១គីឡូម៉ែត្រ កើនមកដល់ឆ្នាំ២០២២មាន ៣,៤៨៥គីឡូម៉ែត្រ។ ដោយឡែកអនុស្ថានីយវិញ នៅក្នុងឆ្នាំ២០១៨ មានចំនួន ៣៣កន្លែង មកដល់ឆ្នាំ២០២២មានចំនួន ៦៣កន្លែង។ ក្នុងឆ្នាំ២០១៨ ខ្សែបណ្ដាញបញ្ជូនអគ្គិសនីរបស់កម្ពុជាគ្រប់ដណ្ដប់បានតែ ២០ខេត្តតែប៉ុណ្ណោះ ប៉ុន្ដែនៅក្នុងឆ្នាំ២០២២នេះ ខ្សែបណ្ដាញបញ្ជូនអគ្គិសនី គឺបានគ្រប់ដណ្ដប់ទូទាំងប្រទេស។

សម្រាប់ខ្សែបណ្ដាញចែកចាយអគ្គិសនីតង់ស្យុងមធ្យម នៅក្នុងឆ្នាំ ២០១៨ មានចំនួន ៣១,០៥៦គីឡូម៉ែត្រ និងឆ្នាំ២០២២មានចំនួន ៤២,៧៥០គីឡូម៉ែត្រ និងខ្សែបណ្ដាញចែកចាយអគ្គិសនីតង់ស្យុងទាប នៅក្នុងឆ្នាំ២០១៨ មានចំនួន ៣២,១១៨គីឡូម៉ែត្រ និងឆ្នាំ២០២២ មានចំនួន ៤៤,៣២០គីឡូម៉ែត្រ។

បើតាមរដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល សម្រាប់ខ្សែបណ្ដាញគ្រប់ដណ្ដប់នៅតាមភូមិ សម្រាប់ការផ្គត់ផ្គង់អគ្គិសនីពីបណ្ដាញជាតិ មានការកើនឡើងពី ១២,៣០៥ភូមិស្មើនឹង៨៦% នៃចំនួនភូមិទូទាំងប្រទេស នៅក្នុងឆ្នាំ២០១៨ មកដល់ពេលបច្ចុប្បន្នមាន ១៣,៩២៣ភូមិ ស្មើនឹង៩៨.២៧% នៃចំនួនភូមិទូទាំងប្រទេសដែលនៅសល់តែ ២៤៥ភូមិប៉ុណ្ណោះ ស្មើនឹង១.៧៣ភាគរយ៕