(ភ្នំពេញ)៖ មិនត្រឹមតែមេដឹកនាំអាស៊ាន និងមេដឹកនាំដៃគូសន្ទនារបស់អាស៊ាននោះទេ ដែលត្រូវបានផ្តល់ការបដិសណ្ឋារកិច្ច និងផ្តល់សេវានានាដោយការយកចិត្តទុកដាក់នោះ សូម្បីតែអ្នកព័ត៌មានក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់បំផុតផងដែរ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជានាសប្តាហ៍កន្លងទៅនេះ។

កិច្ចប្រជុំកំពូលនេះ មានអ្នកព័ត៌មានជាតិ និងអន្តរជាតិសរុបជិត២ពាន់នាក់ បានចុះឈ្មោះចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍ដ៏សំខាន់នៅកម្ពុជា។ ចំនួននេះ ត្រូវបានបញ្ជាក់ថា ជាចំនួនដ៏ច្រើនមួយបើធៀបនឹងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាពេលកន្លងទៅ។

អ្នកព័ត៌មានដែលចូលរួមយកព័ត៌មាន ទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុតពីក្រសួងព័ត៌មាន។ នៅមជ្ឈមណ្ឌលព័ត៌មាននៅសណ្ឋាគារសុខា ត្រូវបានបំពាក់បរិក្ខារផ្តល់សំឡេង ផ្តល់រូបភាពពីក្នុងកិច្ចប្រជុំបង្កភាពងាយស្រួលទទួលបានព័ត៌មាននានាពីក្នុងបន្ទប់ប្រជុំ។

ព័ត៌មានក្នុងបរិបថឌីជីថលនេះ ត្រូវការចាំបាច់ប្រព័ន្ធអ៊ីនធើណេត។ ក្នុងមជ្ឈមណ្ឌលព័ត៌មាននេះ បានផ្តល់ល្បឿនអ៊ីនធើណែតយ៉ាងលឿន បង្កភាពងាយស្រួលសម្រាប់អ្នកព័ត៌មានបញ្ជូនរូបភាព និងវីដេអូសម្រាប់ផ្សព្វផ្សាយ។

មិនត្រឹមតែបរិក្ខារសម្រួលដល់ការយក និងផ្តល់ព័ត៌មានប៉ុណ្ណោះទេ ដែលត្រូវបានយកចិត្តទុកដាក់ សូម្បីតែការហូបចុកក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ខ្លាំងណាស់ដែរ។

នៅមជ្ឈមណ្ឌលព័ត៌មាន ត្រូវបានផ្តល់អាហារថ្ងៃត្រង់មួយពេលជាមួយម្ហូបជាច្រើនមុខ អមដោយបង្អែម និងផ្លែឈើផងដែរ។ ក្រៅពីអាហារថ្ងៃត្រង់ហើយនោះ ក៏មានអាហារសម្រន់ និងកាហ្វេពីរដង គឺនៅពេលព្រឹក និងពេលរសៀល។

មជ្ឈមណ្ឌលនេះទៀតសោត បំពាក់ម៉ាស៊ីនត្រជាក់ រហូតដល់បន្ទប់ទឹក។ ដូច្នេះទោះការយកព័ត៌មានមមាញឹកយ៉ាងណាក្តី ក៏ចិត្តពួកគេនៅត្រជាក់ មិនអាចឡើងក្តៅនោះឡើយ។

ជារួមមកក្នុងកំលុងពេលនៃការយកព័ត៌មាននេះ មិនមានអ្នករអ៊ូរឿងអ៊ីនធើណេត ឬខ្វះហូបចុកនោះឡើយ។ អ្នកព័ត៌មានហាក់មិនមានការលំបាកឡើយលើការយក និងផ្តល់ព័ត៌មាន។

ក្រសួងព័ត៌មាន បានត្រៀមមន្ត្រីជាច្រើនរង់ចាំសម្របសម្រួល និងបំពេញតម្រូវការអ្នកព័ត៌មានដោយភាពរហ័សរហួន។ បន្ថែមពីលើនោះលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញវត្តមានជាប់ប្រចាំនៅមណ្ឌលព័ត៌មាន ដើម្បីគ្រប់គ្រងសភាពការណ៍ និងឆ្លើយតបតម្រូវការរបស់អ្នកព័ត៌មាន។

អ្នកព័ត៌មាន ដែលបានចូលរួមយកព័ត៌មាននៅកម្ពុជានាពេលនេះ សុទ្ធតែបង្ហាញការពេញចិត្តចំពោះការរៀបចំដ៏ប្រសើរនេះ៕