(ភ្នំពេញ)៖ ផ្សារមូលបត្រកម្ពុជា (ផមក) បានធ្វើដំណើរបេសកកម្ម ដើម្បីបរិស្ថាន និងសង្គមរបស់ខ្លួន ក្រោមប្រធានបទ «Give Back to Nature»។ បេសកកម្មនេះប្រព្រឹត្តឡើងជាមួយនឹងសកម្មភាពធំៗពីរ គឺការរើសសម្រាមនៅឆ្នេរអង្គោល ដែលស្ថិតនៅឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប និង ការដាំដើមកោងកាងនៅ សហគមន៍នេសាទត្រពាំងសង្កែ ដែលស្ថិតនៅក្នុងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

បេសកកម្ម ដើម្បីបរិស្ថាន និងសង្គមក្រោមប្រធានបទ «Give Back to Nature» ដោយមានការចូលរួមពីលោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ផមក អមដំណើរដោយលោក គីម ឃ្យុងហាក់ (KIM Kyeonghack) អគ្គនាយករង ផមក និងមានការចូលរួមពីក្រុមការងារស្ម័គ្រចិត្ត នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

បេសកកម្ម ដើម្បីបរិស្ថាន និងសង្គមនេះ ត្រូវបានផ្ដួចផ្ដើម ក្នុងគោលបំណងរួមចំណែកជួយ និងបំផុសសកម្មភាពថែរក្សា ការពារ និងស្ដារបរិស្ថានឡើងវិញ តាមរយៈការរើសសម្រាម ការដាំដើមកោងកាង ការផ្សព្វផ្សាយចំណេះដឹង ទាក់ទងនឹងបរិស្ថាន និង ការប្រើប្រាស់សេវាកម្មទេសចរណ៍ មានលក្ខណៈជួយបរិស្ថាននិងសង្គមជាដើម។

លោក សឹម ហ៊ឹម ប្រធានសហគមន៍នេសាទត្រពាំងសង្កែបានឱ្យដឹងថា សហគមន៍នេះបង្កើតឡើងនៅឆ្នាំ២០០៩ ជាមួយនឹងបេសកកម្ម លើកកម្ពស់ចំណេះដឹង និងការចូលរួមរបស់ប្រជាជន ក្នុងការចូលរួមការពារ និងអភិរក្សធនធាននេសាទ, បង្កើតនូវសេវាកម្ម និងផលិតផលទេសចរណ៍សហគមន៍ ដើម្បីបង្កើននូវប្រាក់ចំណូលរបស់ប្រជាជន, បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរដែនដី និងមន្ទីរជំនាញក្នុងការទប់ស្កាត់បទល្មើសនេសាទក្នុងតំបន់, ចូលរួមគ្រប់គ្រងកន្លែងនេសាទតាមឆ្នេរ និងព្រៃលិចទឹក កន្លែងនេសាទគ្រួសារដែលរក្សាទុក សម្រាប់ប្រជាពលរដ្ឋធ្វើនេសាទជាប្រពៃណី ឬសហគមន៍ធ្វើនេសាទ កន្លែងនេសាទបំរុង ទំនាបលិចទឹក និងព្រៃកោងកាងនិងកន្លែងនេសាទតាមឆ្នេរ និង ដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាព សមាជិកសហគមន៍នេសាទ តាមរយៈការអភិវឌ្ឈន៍ចម្រុះដោយមានការចូលរួម ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបានយល់ច្បាស់ និងឈានចាត់ទុកថាខ្លួនជាម្ចាស់ផ្ទាល់លើធនធានធម្មជាតិ។

ក្នុងដំណើរបេសកម្មនេះ ផមក និងដៃគូរសហការសហការឧបត្ថម្ភរួមមាន ក្រុមហ៊ុន ផេសថិក ខេមបូឌា ក្រុមហ៊ុនមូលបត្រ យ៉ាន់តាស៊ីឃ្យួរីធី ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ស៊ីឃ្យួរីធី និង តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានបង្កើតឡើងនូវសមិទ្ធផលធំៗរួមគ្នាដែលមានដូចជា៖
* ការចូលរួមសម្អាតឆ្នេរ តាមរយៈការរើសសម្រាមនៅឆ្នេរអង្គោល។
* ការបរិច្ចាក ធុងសម្រាមចំនួន១២ធុងជូនទៅដល់សហគមន៍ឆ្នេរអង្គោល។
* ការដាំដើមកោងកាងចំនួន៥០០ដើម នៅតំបន់អភិរក្សព្រៃកោងកាង នៃសហគមន៍នេសាទត្រពាំងសង្កែ។
* ការបរិច្ចាកនូវផ្ទាំងផ្សព្វផ្សាយអប់រំសាធារណៈអំពីការស្រឡាញ់ថែទាំបរិស្ថានចំនួន ៥ផ្ទាំង ទៅកាន់សហគមន៍នេសាទត្រពាំងសង្កែ។
* ការប្រើប្រាស់សេវាកម្មទេសចរណ៍ របស់ប្រជាជនសហគមន៍ដែលរស់នៅឯសហគមន៍នេសាទត្រពាំងសង្កែ។

លោក ហុង សុហួរ បានលើកឡើងថា នេះជាលើកទីមួយដែល ផមក ផ្ដួចផ្ដើមរៀបចំកម្មវិធីនេះឡើង ដោយទទួលបានចំណាប់អារម្មណ៍យ៉ាងល្អ ពីសាធារណៈជន ក៏ដូចជាការគាំទ្រពីបណ្ដាដៃគូសហការរួមមាន ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ និងក្រុមហ៊ុនមូលបត្រដែលជាសមាជិកទីផ្សាររបស់ ផមក។

លោកបានបន្ដថា «ខ្ញំមានគោលបំណងរៀបចំឱ្យមានវត្តមានកម្មវិធីនេះជាថ្មីម្ដងទៀតនៅឆ្នាំក្រោយ និងជារៀងរាល់ឆ្នាំ និងរំពឹងមានការបន្តគាំទ្រចូលរួម ពីបណ្ដាដៃគូរសហការនានាកាន់តែច្រើន ដើម្បីអាចរៀបចំកម្មវិធីឱ្យបានកាន់តែធំ ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងឱ្យបានកាន់តែទូលំទូលាយ ដល់សាធារណៈជនក្នុងការចូលរួម ក្នុងកិច្ចការសង្គម និងបរិស្ថានក្នុងគោលដៅរួមចំណែក កាត់បន្ថយភាពក្រីក្រ ចំណាកស្រុក ការបំពុលបំផ្លិចបំផ្លាញបរិស្ថាន និងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ៕