(ភ្នំពេញ)៖ លោក មាន វ៉ាន់ដេត ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍បានថ្លែងថា ជំនាញឆុងកាហ្វេជាមួយផ្នែកមួយ ដែលកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់យុវជនកម្ពុជា ខណៈអាជីវកម្មផ្នែកនេះ កំពុងទទួលបានការរីកច្រើនជាខ្លាំងនៅកម្ពុជា។

លោកបានបន្ដថា ជាក់ស្ដែងសមាគមភោជនីយដ្ឋានកម្ពុជា បានរកឃើញអ្នកឈ្នះពានរង្វានជ័យលាភី៣រូប ពីកម្មវិធីប្រកួតឆុងកាហ្វេថ្នាក់ជាតិប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២២ នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលបានរៀបចំឡើង ដោយសមាគមភោជនីយដ្ឋានកម្ពុជា, ក្រសួងទេសចរណ៍, សហព័ន្ធទេសចរណ៍កម្ពុជា, KOFI Co., Ltd និង KOFI Academy។

លោក មាន វ៉ាន់ដេត បានថ្លែងថា វិស័យអាហារ និងភេសជ្ជៈកំពុងមានការរីកចម្រើនយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ការឆុងកាហ្វេជាផ្នែកមួយនៃវិស័យនេះ និងជាផ្នែកមួយនៃការគាំទ្រ ដល់សកម្មភាពបណ្ដុះបណ្ដាលជំនាញ របស់ក្រសួងទេសចរណ៍។

លោកបានបញ្ជាក់ថា «អាជីវកម្មកាហ្វេនាពេលបច្ចុប្បន្ននេះ កំពុងមានការរីកចម្រើនជាងខ្លាំង នៅតាមបណ្ដាលគោលដៅរាជធានីខេត្ត ពិសេសនៅក្នុងរាជធានីភ្នំពេញឃើញថា មានអាជីវកម្មតូបកាហ្វេរីកដុះដាលជាច្រើន នេះជារូបភាពមួយឆ្លុះបញ្ចាំង ពីចំណាប់អារម្មណ៍របស់យុវជន ក្នុងការចាប់យកជំនាញឆុងកាហ្វេនេះ»

លោកបានបន្ដថា ក្នុងការជំរុញអភិវឌ្ឍន៍ជំនាញឆុងកាហ្វេនេះ ក្រសួងទេសចរណ៍ បានសហការបើកវគ្គបណ្ដុះបណ្ដាល ឆុងកាហ្វេ​ តាមរយៈការអភិវឌ្ឍន៍ដោយផ្ទាល់ និងការរៀនតាមប្រព័ន្ធអនឡាញផងដែរ។ ជាក់ស្ដែងថ្មីៗនេះ ក្រសួងទេសចរណ៍ បានចែកវិញ្ញាបនបត្រផ្នែកឆុងកាហ្វេ ដល់សិក្ខាកាមដែលបានសិក្សាតាមប្រព័ន្ធអនឡាញផងដែរ។ បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកឆុងកាហ្វេមានសិក្ខាកាមជាច្រើន បានយកចំណេះជំនាញនេះទៅបើកអាជីវកម្មរបស់ខ្លួន និងទៅបំពេញកិច្ចការងាររបស់ខ្លួន ឲ្យរឹតតែល្អប្រសើរបន្ថែមទៀត។

សូមជម្រាបថា បន្ទាប់ពីប្រកួតប្រជែងយ៉ាងស្វិតស្វាញ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្ររយៈពេល២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ទីបំផុតសមាគមភោគជនីយដ្ឋាន បានរកឃើញម្ចាស់ជ័យលាភី៣រូប ពីកម្មវិធីប្រកួតឆុងកាហ្វេថ្នាក់ជាតិ ប្រចាំប្រទេសកម្ពុជាឆ្នាំ២០២២នេះរួមមាន៖

* ជ័យលាភីលេខ១ បានលើបេក្ខភាពឈ្មោះ ហ៊ួន ចាន់ដារ៉ា ទទួលបានពានរង្វាន់ជ័យលាភី មេដាយមាស វិញ្ញាបនបត្រ និងម៉ាស៊ីនឆុងកាហ្វេម៉ាក ASTORIA LOFT។

* ជ័យលាភីលេខ២ បានទៅលើបេក្ខភាពឈ្មោះ យិន យាស៊ិញ ទទួលបាន មេដាយប្រាក់ វិញ្ញាបនបត្រ និងម៉ាស៊ីនឆុងកាហ្វេម៉ាក Delonghi La Specialista។

* ជ័យលាភីលេខ៣ បានទៅលើបេក្ខភាពឈ្មោះ ជា ឈីលៀង ទទួលបាន មេដាយសំរិទ្ធ វិញ្ញាបនបត្រ និងម៉ាស៊ីនឆុងកាហ្វេម៉ាក Delonghi EC 685M និងម៉ាស៊ីនកិនគ្រាប់កាហ្វេម៉ាក Delonghi KG 512M។

សមាគមភោជនីយដ្ឋានកម្ពុជា បានបន្ដលើកទឹកចិត្ដដល់យុវជនកម្ពុជា ដែលស្រលាញ់អាជីពភេសជ្ជៈ តាមរយៈការឆុងកាហ្វេបង្ហាញ ពីទេសកោសល្យរបស់ខ្លួន លើឆាកជាតិ និងឆាអន្ដរជាតិនាពេលអនាគត។

លោក Arnaud Darc ប្រធានសមាគមភោជនីយដ្ឋានកម្ពុជាថ្លែងថា ការប្រកួតឆុងកាហ្វេថ្នាក់ជាតិប្រចាំប្រទេសកម្ពុជា រៀបចំឡើងអស់រយៈពេល១០ឆ្នាំមកហើយ ការរៀបចំការប្រកួតមួយនេះបានផ្ដល់ឱកាសជាច្រើន ដល់យុវជនក្នុងការបន្ដអាជីប ក្នុងក្ដីស្រម័យរបស់ខ្លួន ជាក់ស្ដែងបន្ទាប់ពីឈ្នះពានរង្វាននៃកម្មវិធីនេះ បានធ្វើឲ្យពួកគាត់ពង្រឹង និងអភិវឌ្ឍន៍លើអាជីពរបស់ខ្លួន បានល្អប្រសើរជាងមុន ចំណែកអ្នកឈ្នះពានរង្វាន់ផ្សេងទៀត បានក្លាយជាងម្ចាស់អាជីវកម្ម និងអ្នកខ្លះទៀតបានក្លាយជាទីប្រឹក្សាខាងជំនាញកាហ្វេទៀតផង។

លោកបានបន្ដថា «កម្មវិធីប្រកួតឆុងកាហ្វេថ្នាក់ជាតិប្រចាំប្រទេសកម្ពុជារៀបចំឡើង ដើម្បីលើស្ទួយវិស័យកាហ្វេរបស់កម្ពុជា និងលើកទឹកចិត្តដល់យុវជនដែលមានជំនាញឆុងកាហ្វេ អាចបង្ហាញសមត្ថភាពរបស់ខ្លួន លើឆាកជាតិ និងអន្ដរជាតិនាពេលខាងមុខ»