(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទីនៃកម្ពុជា បានចេញលិខិតមួយថ្លែងអំណរគុណ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម ដែលបំពេញភារកិច្ចប្រកបដោយជោគជ័យ ក្នុងការការពារសុវត្ថិភាពនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ។

ក្នុងសារលិខិតសម្តេចក្រឡាហោម បានលើកឡើងថា៖ «ខ្ញុំសូមចូលរួមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម ព្រមទាំងអនុប្រធាន សមាជិក និងក្រុមការងារទាំងអស់ ដែលបានបំពេញភារកិច្ចប្រកបដោយជោគជ័យ ១០០ភាគរយ ក្នុងការការពារសុវត្ថិភាពនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ»

សម្តេចបានបន្តថា ការសម្រេចបានបេសកកម្មដ៏មានអត្ថន័យនេះ មិនត្រឹមតែទទួលបានការសាទរយ៉ាងក្លៀវក្លាពីគ្រប់ មជ្ឈដ្ឋានជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសមិទ្ធផលដ៏លេចធ្លោមួយគួរឲ្យស្ញប់ស្ញែង ដែលនាំមក នូវមោទកភាព កិត្តិយស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ក្នុងទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ ព្រះរាជាណាចក្រកម្ពុជា។

សម្តេចបានបន្ថែមថា «ទន្ទឹមនេះ ជោគជ័យដ៏ត្រចះត្រចង់នេះ បានរួមចំណែកបង្កើនជំនឿទុកចិត្តកាន់តែខ្លាំងក្លាថែមទៀតមកលើសមត្ថភាព ភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់របស់កម្ពុជា ក្នុងការរៀបចំ ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗ ដែលនឹងប្រារព្ធធ្វើនាបណ្ដាឆ្នាំខាងមុខ»

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចក្រឡាហោម ស ខេង៖