(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ក្នុងឱកាសទិវាជំងឺទឹកនោមផ្អែមពិភពលោក (World Diabetis Day) ១៤ វិច្ឆិកា បានណែនាំពីចំណុចសំខាន់ៗ និងងាយស្រួលដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីការពារជំងឺទឹកនោមផ្អែម។

សម្រាប់ប្រធានបទទិវាជំងឺទឹកនោមផ្អែមពិភពលោក ឆ្នាំ២០២២ គឺ «ការអប់រំដើម្បីការពារថ្ងៃស្អែក» ក្រោមប្រធានបទរួមគ្នានយុទ្ធនាការទិវាជំងឺទឹកនោមផ្អែមពិភពលោក២០២១-២៣ «ការទទួលបានការថែទាំជំងឺទឹកនោមផ្អែម»

តាមរយៈសារផ្ញើជូនប្រជាពលរដ្ឋកម្ពុជា លោកស្រី ឱ វណ្ណឌីន បានណែនាំថា សូមបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ យកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួន និងចូលរួមកាត់បន្ថយហានិភ័យដែលបង្កឱ្យមានជំងឺទឹកនោមផ្អែម ដោយផ្អែកលើចំណុចសំខាន់ៗ និងងាយៗ សម្រាប់ការអនុវត្តន៍ ក្នុងការរស់នៅប្រចាំថ្ងៃដែលយើងទាំងអស់គ្នាត្រូវប្រកាន់យកមានដូចជា៖ កុំពិសារប្រៃពេក កុំពិសារផ្អែមពេក កុំពិសារខ្លាញ់ពេក និងធ្វើលំហាត់ប្រាណជាប្រចាំ គឺជាមធ្យោបាយដ៏ល្អសម្រាប់ការចូលរួមការពារជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺមិនឆ្លងផ្សេងៗទៀតជាដើម។

បន្ថែមពីនេះ លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ការត្រួតពិនិត្យជាតិស្ករក្នុងឈាម ជាជំនួយក្នុងការរុករកបានទាន់ពេលនូវហានិភ័យនៃការកើតឡើងជំងឺទឹកនោមផ្អែម ដែលអាចឈានទៅរកការព្យាបាលបានទាន់ពេលផងដែរ។

លើសពីនេះ សូមកែលម្អការទទួលទានកាបូអ៉ីដ្រាត ហាត់រៀនញ៉ាំអាហារមួយចំណែកតូច (កុំឱ្យឆ្អែតពេក) ក្នុងពេលតែមួយ បរិភោគអាហារដែលមានជាតិសសៃ ឬហ្វែបប៊ឺ (Fiber) ដែលមានជាតិស្ករទាប កុំពិសារបារី [បារីជំរុញឱ្យមានភាពស៊ាំអាំងស៊ុយលីន (Insulin resistance)] ធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ៣០នាទី ក្នុងមួយថ្ងៃ រក្សាជាតិកូលេសស្តេរ៉ុល ក្នុងឈាមនៅក្រោម២០០ ជាតិខ្លាញ់ LDL នៅក្រោម១០០ ជាតិខ្លាញ់ HDL នៅលើ២០ និង ទ្រីគ្លីសេរីដ (Triglycerides)នៅក្រោម១៥០។

លោកស្រីក៏បានក្រើនរំឮកបន្ថែមត្រូវឧស្សាហ៍តាមដានសម្ពាធឈាមរបស់ខ្លួន ដែលជាទូទៅត្រូវនៅក្រោម ១៣០/៨០ ចៀសវាងការពិសារភេសជ្ជៈដែលមានជាតិផ្អែមដែលជាហានិភ័យ ឱ្យមានជំងឺទឹកនោមផ្អែមប្រភេទ២ (Type 2 Diabetis) និងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវការយល់ដឹង និងចូលរួមអនុវត្តចំណុចដូចបានរៀបរាប់ខាងលើនេះ។

សូមចងចាំថា ជំងឺទឹកនោមផ្អែម ជាជំងឺដែលអាចការពារជាមុនបាន ប្រសិនបើបុគ្គលម្នាក់ៗ អាចត្រួតពិនិត្យបានដោយខ្លួនឯងនូវរបបអាហារដែលពិសារប្រចាំថ្ងៃ និងអនុវត្តបានខ្ជាប់ខ្ជួននូវចំណុចសាមញ្ញៗ ដូចបានជម្រាបជូនខាងលើនេះ៕