(បាលី, ឥណ្ឌូណេស៊ី)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីលោកបានធ្វើដំណើរទៅដល់កោះបាលី ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន AP ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីឥណ្ឌូណេស៊ី និងគ្រូពេទ្យចំនួន៣រូប ដែលអះអាងថាលោក ឡាវរ៉ូវ កំពុងទទួលការព្យាបាល នៅឯមន្ទីរពេទ្យមួយលើកោះបាលី។ បន្ថែមពីលើនេះ មន្ត្រី ២រូបក្នុងចំណោម៣រូបខាងលើ ក៏បានអះអាងផងដែរថាលោករដ្ឋមន្ត្រីការបរទេសរុស្ស៉ី បាន និងកំពុងទទួលការព្យាបាលបញ្ហាបេះដូង។

ប៉ុន្តែ ភ្លាមៗក្រោយមានសេចក្ដីរាយការណ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ីបានច្រានចោលព័ត៌មានដែលថាលោក ឡាវរ៉ូវត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយចាត់ទុកថា​ជាព័ត៌មានក្លែងក្លាយ តែក៏មិនបានបញ្ជាក់អ្វីលម្អិតនោះដែរ៕