(ស្វាយរៀង)៖ ប្រជាពលរដ្ឋរស់នៅជិតផ្លូវជាតិលេខ១៣ ភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយ បានស្នើដល់អាជ្ញាធរ និងតវ៉ាឱ្យក្រុមហ៊ុនរកស៉ីជីកអាចម៌ដីលក់បញ្ឈប់សកម្មភាពរបស់ខ្លួន ដោយសារតែសកម្មភាព អាជីវកម្មនេះ បានបង្កការខូចខាតផ្លូវភ្លោះប្រវែងប្រមាណ៨០ម៉ែត្រ ដែលប្រជាពលរដ្ឋប្រើប្រាស់សម្រាប់ទៅស្រែកចំការ និងប្រមូលកសិកផលបាន។

បើតាមប្រជាពលរដ្ឋ បានឱ្យដឹងថា រថយន្តដឹកដីបានធ្វើឱ្យបាក់ស្រុតផ្លូវប្រឡាយជារណ្តៅក្រហេងក្រហូង ពិបាកធ្វើដំណើរ និងដឹកដីលើសទ្រុងជ្រុះធ្លាក់លើផ្លូវជាតិលេខ១៣ បង្កហានីភ័យគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ពេលមានភ្លៀងរអឹល ពេលថ្ងៃក្តៅហុយ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលរស់នៅជិតផ្លូវជាតិលេខ១៣នេះ ទើបប្រជាពលរដ្ឋតវ៉ា សុំឱ្យអាជ្ញាធរសង្កាត់សង្ឃ័រ ជួយអន្តរាគមន៍និងដោះស្រាយ។

ប្រជាពលរដ្ឋបានលើកឡើងថា កន្លងមកមានក្រុមអាជីវកម្មជីករណ្តៅដីយកអាចម៌ដីលក់ នៅជាប់រណ្តីដីថ្មីនេះគឺជីកទំហំធំជិត២ហិកតា ជម្រៅ៨ម៉ែត្រ ជីកជាប់ភ្លឺស្រែរបស់ប្រជាពលរដ្ឋបច្ចុប្បន្ន គឺបាក់ដី ជិតដល់ដីស្រែរបស់ពួកគាត់ទើបប្រជាពលរដ្ឋមានការព្រួយបារម្ភ។ ករណីប្រជាពលរដ្ឋតវ៉ានេះ បានកើតឡើងកាលពីថ្ងៃទី១០ខែវិច្ឆិកា រហូតមកដល់ថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២២ នៅភូមិព្រះទន្លេសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ពុំទាន់មានដំណោះស្រាយឡើយ។

បើតាមលោកមេភូមិព្រះទន្លេ បានឱ្យដឹងថា ករណីខាងលើនេះ លោកបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ នោះហើយបានរាយការណ៍ជូនលោកស្រីចៅសង្កាត់សង្ឃ័រ ដើម្បីដោះស្រាយ។

ទាក់ទិនករណីនេះ លោកស្រីចៅសង្កាត់សង្ឃ័រ បានទូរស័ព្ទថា លោកស្រីទើបតែទទួលបានព័ត៌មានពីលោកមេភូមិព្រះទន្លេ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ចំពោះក្រុមហ៊ុនជីករណ្តៅដីលក់នោះគឺមាន ២ក្រុមហ៊ុន។ ក្នុងនោះក្រុមហ៊ុន ជុំ ខាន់ ដែលម្ចាស់អាជីវកម្មឈ្មោះ ជុំ ខាន់ នៅភូមិក្តុយ ឃុំស្តើងជ័យ ស្រុកជើងព្រៃឈ ខេត្តកំពង់ចាម បានយកច្បាប់ធ្វើអាជីវកម្មមកជម្រាបជូនរដ្ឋបាលសង្កាត់សង្ឃ័រ និងបានធ្វើកិច្ចសន្យា ជួសជុលផ្លូវជូនប្រជាពលរដ្ឋវិញ រីឯក្រុមហ៊ុនមួយទៀត លោកស្រីមិនស្គាល់ទេ ដោយយកគ្រឿងចក្រមកធ្វើសកម្មភាព ដោយមិនបានសុំច្បាប់ ឬជូនដំណឹងដល់អាជ្ញាធរសង្កាត់សង្ឃ័រ បានដឹងទេ គ្រាន់តែបានឮថាម្ចាស់ក្រុមហ៊ុនអាជីវកម្មនោះឈ្មោះ សាន មេការតំបន់សេដ្ឋកិច្ចពិសេស ជីលូ។

លោកស្រីចៅសង្កាត់ បានបន្ថែមថា ក្រុមហ៊ុននេះ បានជីកកកាយផ្លូវ ភ្លឺភ្លោះរបស់ប្រជាពលរដ្ឋខូចអស់ប្រវែង៨០ម៉ែត្រ ដាក់គ្រឿងចក្របិទផ្លូវប្រជាពលរដ្ឋ មិនអាចយកគ្រឿងចក្រចូលទៅច្រូតស្រូវបានខណៈស្រូវទុំពេញស្រែ។ ហើយរថយន្តដឹកអាចម៌ដីបានបើកកិនស្រូវរបស់ប្រជាពលរដ្ឋខូចមួយចំនួន និងបានស្រុតផ្លូវ និងដឹកដីខុសបច្ចេកទេស ដឹកលើសទ្រុង គ្មានគ្របបង្កឱ្យអាចម៌ដីជ្រុះធ្លាក់ លើផ្លូវជាតិលេខ១៣ បង្កហានីភ័យ គ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ តាមដងផ្លូវ។ អាជ្ញាធរបានឱ្យក្រុមហ៊ុនដឹកដី នោះកៀរដីដែលធ្លាក់លើផ្លូវជាតិលេខ១៣ នោះរួចហើយ។

ទាក់ទិនករណីនេះ មិនអាចរកការបំភ្លឺ ពីឈ្មោះ សាន មេការតំបន់សេដ្ឋកិច្ចពិសេសជីលូបានទេ គឺមានឈ្មោះ ផុន បានឆ្លើយតាមទូរស័ព្ទថា មេគាត់ជាប់រវល់។ ចំណែកលោក ជុំ ខាន់ ម្ចាស់អាជីវកម្មជុំខាន់ បានប្រាប់ឱ្យដឹងថា ក្រុមហ៊ុនលោកមានច្បាប់ធ្វើអាជីវកម្ម ជីករណ្តៅដី ទំហំ៤,០០០មែត្រការ៉េ ស្មើ៤០អា ជីករណ្តៅដី ជម្រៅ៦ម៉ែត្រ ហើយរណ្តៅដីជាក់ស្តែង អាចជីកជម្រៅ៨ម៉ែត្រ ដោយខ្លួនទិញដី ថ្លៃ។

ប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្វាយរៀង បានប្រាប់ថា បើជីកលើសពីច្បាប់កំណត់បានតែត្រូវបង់សួយសាករបន្ថែម។ ប្រភពពីប្រជាពលរដ្ឋ បានលើកឡើងថា អ្វីដែលខុសប្រកតីនោះ ម្ចាស់អាជីវកម្មជុំ ខាន់ ប្រើ ក្មេងប្រុស ម្នាក់ឈ្មោះស៊ីកា អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៦ មានទីលំនៅភូមិរការ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មកធ្វើការជាកម្មករ «ប្រ៊ូ» បើកអេស្កាវ៉ាក់ទ័រ ជីកអាចម៌ដីរយៈពេល៣ខែមកហើយ (កេងកម្លាំងពលកម្មលើកុមារ)។

លោក ប៉ាត់ សាក់ ប្រធានការិយាល័យធនធានរ៉ែ នៃមន្ទីររ៉ែ និងថាមពលខេត្ត បានឱ្យដឹងថា «ករណីក្រុមហ៊ុនអាជីវកម្មជីករណ្តៅដីចំនួន២ នៅចំណុចភូមិព្រះទន្លេ សង្កាត់សង្ឃ័រ គឺសុំច្បាប់សាលាក្រុងស្វាយរៀង ដោយថ្នាក់ជាតិធ្វើប្រតិភូកម្មឱ្យថ្នាក់ស្រុក ក្រុង អនុញ្ញាតធ្វើអាជីវកម្មចល័តលើផ្ទៃដី ក្រោម១ហិកតា ជម្រៅ៣ម៉ែត្រ។ ចំណែកមន្ទីរគ្រាន់តែពិនិត្យលើបច្ចេកទេស និងបង់សួយសាករប៉ុណ្ណោះ។ ច្បាប់ជីកត្រឹម៣ម៉ែត្រ ជាក់ស្តែងជីកដល់ក្បាលប្រេត ពលរដ្ឋស្នើឱ្យអាជ្ញាធរខេត្តចុះពិនិត្យមើលផង»