(ភ្នំពេញ)៖ លោក ណុ វី ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយឃុំជ្រៃ ស្រុកថ្មគោល បានផ្ដល់ប្រេង២០០លីត្រ និងថវិកាមួយចំនួន ក្នុងការបូមទឹកពីអាងកំពីងពួយ ដើម្បីសង្គ្រោះស្រូវប្រាំង របស់ប្រជាកសិករ ២ភូមិក្នុងឃុំជ្រៃ។
ការផ្ដល់ជំនួយរបស់លោក ណុ វី នេះធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមមូលដ្ឋានបានមួយកម្រិតទៀត។
នាឱកាសនោះ លោក ណុ វី បានលើកឡើងថា ស្រូវប្រាំង១១២០ហិកតា របស់ប្រជាកសិករនៅក្នុងភូមិគ្រួស និងភូមិអន្លង់រុន ត្រូវបាន ខូតខាតប្រមាណ២០% ដោយសារគ្រោះរាំងស្ងួន នាពេលកន្លងទៅ។
ប្រជាកសិករឲ្យដឹងថា ថ្លៃដើមក្នុងការធ្វើស្រែប្រាំងនេះ ត្រូវចំណាយ ថវិកាប្រហែល២លានរៀល ក្នុងស្រែមួយហិកតា។
សូមបញ្ជាក់ថា បច្ចប្បន្នស្រូវដែលនៅរស់ប្រមាណ៦០% កំពុងត្រូវការទឹក និងប្រមាណ៤០% ទៀតជិតប្រមូលផល៕