(ភ្នំពេញ)៖ សិក្ខាកាមជាយោធា ចំនួន៤០២នាក់ បានសិក្សាបញ្ចប់វគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលពលទាហានថ្មី បំពេញក្របខ័ណ្ឌឱ្យបញ្ជាការដ្ឋានការពារអាកាស ដោយជោគជ័យ នៅវិទ្យាស្ថានទ័ពជើងគោក។

សិក្ខាកាមជាយោធាទាំង៤០២នាក់ ដែលទើបនឹងបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញកងទ័ពថ្មីលើមុខវិជ្ជារួមមាន៖ ចំណេះដឹងយោធា, អប់រំចិត្តសាស្ត្រ + គរុកោសល្យ, ភាសាចិន, កុំព្យូទ័រ, ភស្តុភាហហិរញ្ញវត្ថុ, សុខាភិបាល និងការងារបម្រុងផ្សេងៗទៀត មានរយៈពេល០៣ខ ចាប់ពីថ្ងៃទី០៨ ខែសីហា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ពិធីបិទវគ្គនេះបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាស ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ មេបញ្ជាការរងកងទ័ពជើងអាកាសមួយចំនួននៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

នាយឧត្តមសេនីយ៍ សឹង សំណាង បានថ្លែងថា វគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញក្របខ័ណ្ឌ ឱ្យបញ្ជាការដ្ឋានការពារអាកាស ក្រៅពីម៉ោងហ្វឹកហ្វឺនរៀនសូត្រប្រចាំថ្ងៃ សិក្ខាកាមទាំងអស់ បានឆ្លៀតពេលក្រោយចប់ម៉ោងហ្វឹកហ្វឺន ពិសេសថ្ងៃឈប់សម្រាកសៅរ៍ អាទិត្យ​ បានធ្វើបរិស្ថាន និងអនាម័យទូទាំងវិទ្យាស្ថានបានល្អស្អាតជាប្រចាំ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ឆ្លងកាត់សកម្មភាពក្នុងការហ្វឹកហ្វឺនរយៈពេល៣ខែ របស់វគ្គពលទាហានថ្មីបំពេញ ក្របខ័ណ្ឌ ឱ្យបញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការដ្ឋានកន្លងមក កម្មសិក្សាការីទាំងអស់បានខិតខំប្រឹងប្រែងហ្វឹកហ្វឺន រៀនសូត្រ គោរពវិន័យបទបញ្ជាផ្ទៃក្នុងរបស់វិទ្យាស្ថានបានល្អប្រសើរ។

នាយឧត្តមសេនីយ៍ បានឱ្យដឹងថា ក្នុងនាមក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអនុវត្តតួនាទី និងភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសូមគាំទ្រលើកទឹកចិត្តឱ្យបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេចភារកិច្ច កាន់តែល្អប្រសើរជូនជាតិ មាតុភូមិ និងប្រជាជន។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ សឹង សំណាង បានចាត់ទុកថា លទ្ធផលដែលសម្រេចបានតាមកម្មវិធីសិក្សាខាងលើ គឺអាស្រ័យដោយមានការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំនាយទាហាន យោធាចារ្យ ស្ថាប័នបម្រើការទូទាំងវិទ្យាស្ថាន បានយកចិត្តទុកដាក់ខិតខំពុះពារជម្នះ រាល់ឧបសគ្គគ្រប់បែបយ៉ាង និងស្ថិតក្រោមការដឹកនាំ ណែនាំផ្ទាល់ពីសំណាក់ ក្រសួងការពារជាតិ អគ្គមេបញ្ជការនៃកងយោធពលខេមរភូមិន្ទ ធ្វើឱ្យវិទ្យាស្ថានសម្រេចបាននូវលទ្ធផលល្អប្រសើរគួរជាទីមោទនៈនូវភារកិច្ចថ្មី ដែលថ្នាក់លើប្រគល់ឱ្យ។

នាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើដល់នាយទាហានទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្តឱ្យបានល្អ និងត្រូវព្យាយាមប្រឹងប្រែងហ្វឹកហ្វឺន នៅទីនេះឱ្យបានកាន់តែប្រសើរ ដើម្បីពេលអនាគត់អស់លោកមានសមត្ថភាពគ្រប់គ្រាន់ ក្លាយជាថ្នាក់ដឹកនាំ ក្លាយជានាយទាហានប្រកបដោយសមត្ថភាព ក្នុងការចូលរួមបម្រើឱ្យបុព្វហេតុការពារជាតិមាតុភូមិឱ្យបានរឹងមាំពិសេសត្រូវគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ៕