(ភ្នំពេញ)៖ មានករណីភ្ញាក់ផ្អើលមួយបានកើតដោយប្រជាពលរដ្ឋប្រទះឃើញសពស្ត្រីវ័យចំណាស់ម្នាក់ ស្លាប់ផ្កាប់មុខក្នុងទឹកស្រែ ស្ថិតនៅភូមិក្រាំងព្រំប្រទល់ភូមិសិលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលវេលាម៉ោង៧ព្រឹកថ្ងៃទី១៤ ខែវិច្ចិកា ឆ្នាំ២០២២។

សាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ម៉ៅ អិត អាយុ៥៨ឆ្នាំ ស្នាក់នៅភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មុនពេលកើតហេតុ វេលាព្រឹកព្រលឹម ជនរងគ្រោះបានជិះកង់ទៅមើលទឹកស្រែមិនឆ្ងាយ ពីភូមិប៉ុន្មានទេ ដោយជាប់ខ្លួនមានក្រវិលចិញ្ជៀន និងលុយ៤០ម៉ឺនរៀល។ ស្រាប់តែដល់វេលាម៉ោងជាង ៧ព្រឹក ក៏មានបុរស២នាក់ ជាកសិករដូចគ្នាបានធ្វើដំណើរឆ្លងកាត់ផ្លូវកន្លែងកើតហេតុ ក៏ប្រទះឃើញកង់នៅកណ្តាលផ្លូវ ឬឯស្ត្រីរងគ្រោះបានផ្កាប់មុខក្នុងទឹកស្រែក្បែរនោះ។

ភ្លាមៗពួកគេបានស្រង់ស្ត្រីនោះឡើងព្យាយាមធ្វើចលនា ដើម្បីសង្គ្រោះតែអកុសលគាត់បានស្លាប់បាត់ទៅហើយ។ បុរសទាំងពីរបានស្គាល់ស្ត្រីរងគ្រោះខាងទើបទូរស័ព្ទប្រាប់ប្តី និងកូនៗរបស់ស្ត្រីរងគ្រោះ រួមនិងប្តឹងសមត្ថកិច្ចចុះមកមើល។

ក្រោយទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទៀន សហការជាមួយកម្លាំងព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌដង្កោ រួមនិងក្រុមជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកដល់ទីតាំងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យជាក់ស្តែង។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ពិតជាមានករណីស្ត្រីម្នាក់ដេកស្លាប់ក្នុងវាលស្រែប្រាដកមែន ហើយបានបាត់ចិញ្ជៀនមួយគូរ (៣ជីមាស) ក្រវិលមួយគូរ (១ជីមាស) និងលុយ៤០ម៉ឺនរៀល។ មកទល់ពេលនេះកម្លាំងជំនាញរបស់អធិការខណ្ឌដង្កោ កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់៕