(វ៉ាស៊ីនតោន)៖ បើទោះជានៅលើមេឃយើងនេះ មានព្រះអាទិត្យតែមួយក៏ដោយ ក៏យើងអាចស្រមៃថា តើការមាន ព្រះអាទិត្យចំនួនពីរ រះនៅលើផ្ទៃមេឃនោះ អាចមើលទៅមានលក្ខណៈបែបណាដែរ។ ហេតុដូច្នេះទើបអង្គការ NASA ពេលនេះបានបង្ហាញនូវ ភពថ្មីឈ្មោះថា Kepler-1647b ដែលទំហំធំអស្ចារ្យជាងភពមុនៗ ដែលធ្លាប់ត្រូវបានរកឃើញ ហើយវាកំពុងធ្វើគោចរ ជុំវិញព្រះអាទិត្យចំនួនពីរ របស់វាថែមទៀត។ នេះបើតាមការផ្សាយដោយ CNN នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦។
សម្រាប់ភពយក្ស Kepler-1647b ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រលើកឡើងថា អាចមានអាយុកាលប្រហាក់ប្រហែល នឹងផែនដីយើងដែរ គឺ ៤,៤ពាន់លានឆ្នាំ ហើយវាមានចម្ងាយ ៣,៧០០ ឆ្នាំពន្លឺ (មួយឆ្នាំពន្លឺស្មើនឹង ៩,៤៦១ ពាន់ពាន់លានគីឡូម៉ែត្រ) ពីប្រព័ន្ធព្រះអាទិត្យរបស់យើង។ វាទំនងជាអាចមាន មុខកាត់ ទំហំ និង បរិយកាស ស្រដៀងនឹងភពព្រហស្បតិ៍ របស់យើងដែរ ដែលអាចប្រហាក់ប្រហែលនឹងភពសៅរ៍។
បើតាមការតាមដានពីកែវយឺតអវកាស Kepler ភពដែលទើបរកឃើញថ្មីនេះ ត្រូវចំណាយពេល ១,១០៧ថ្ងៃរបស់ ផែនដី ទើបអាចវិលជុំវិញព្រះអាទិត្យភ្លោះរបស់វាមួយជុំ ឬស្មើនឹងមួយឆ្នាំ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបន្ថែមទៀតនោះ ភព Kepler-1647b ស្ថិតនៅក្នុងគន្លងគោចរដ៏ល្អពីព្រះអាទិត្យ ដែលជាហេតុនាំឲ្យអ្នកវិទ្យាសាស្ត្រអាចធ្វើការសន្និដ្ឋាន បានថា ភពនេះមានទឹកនៅលើផ្ទៃរបស់វា។ ដោយសារវាមានទំហំធំ ហេតុដូច្នេះព្រះច័ន្ទរបស់វាក៏ទំនងជាមានទំហំធំ ដូចព្រះច័ន្ទនានារបស់ភពព្រហស្បតិ៍ដែរ ហើយប្រការនេះ នឹងនាំឮឲ្យយើងនឹកឃើញដល់ Pandora ក្នុងរឿង Avatar៕