(បាត់ដំបង)៖ លោក កុល វីរក្ស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសង្កែ បានប្រគល់កូនឈើចំនួន១,២០០ដើម និងកូនត្រីចំនួន១,០០០ក្បាល ដល់រដ្ឋបាលឃុំតាប៉ុនយកមកដាំនិងលែងនៅមាត់អាងបាដាក ស្ថិតក្នុងភូមិបាសែតឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

ពិធីនេះបានធ្វើឡើងនាថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២២ ដោយមានការចូលរួមពីក្រុមការងារ នាយខណ្ឌរដ្ឋបាលព្រៃឈើ មន្ទីរបរិស្ថានខេត្ត មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត មន្ទីរអប់រំយុវជននិងកីឡាខេត្ត មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត រដ្ឋបាលស្រុកសង្កែ ក្រុមប្រឹក្សាឃុំតាប៉ុន ភូមិ សហគមន៍នេសាទ យុវជនស្ម័គ្រចិត្តកាយរិទ្ធ ស.ស.យ.ក និងប្រជាពលរដ្ឋចូលរួមផងដែរ។

លោក កុល វីរក្ស លើកឡើងថា ដើម្បីចូលរួមជួយប្រែក្លាយមូលដ្ឋានឃុំតាប៉ុនឱ្យមានដើមឈើចម្រុះ មានម្លប់ត្រឈឹងត្រឈៃ យើងនាំគ្នាដាំដើមឈើ និងព្រៃឈើនៅគ្រប់ទីកន្លែង ជាពិសេសថ្ងៃនេះក្រុមការងារយើងបាននាំគ្នាដាំដើមឈើប្រភេទ បេង គ្រញូង គីនីន នៅតាមមាត់អាងបាដាកដែលជាអាងស្តុកទឹកប្រវត្តិសាស្ត្រ ដែលមានប្រវត្តិពាក់ព័ន្ធនឹងប្រាសាទបាសែត ហើយអាងបាដាកនេះក៏ជាអាងស្តុកទឹកដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់នៅរដូវប្រាំងផង និងជារមណីយដ្ឋានដ៏ស្រស់ត្រកាលសម្រាប់ទាក់ទាញភ្ញៀវទេសចរផងដែរ។

លោកប្រធានក្រុមការងារបានបញ្ជាក់ថា ការដាំកូនឈើនៅថ្ងៃនេះ គឺស្ថិតក្រោមគម្រោងការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ដែលរៀបចំឡើងដោយមន្ទីរអប់រំយុវជននិងកីឡាខេត្តបានចាប់ផ្តើមអនុវត្តគម្រោងស្របតាមផែនការសកម្មភាព ដោយទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់មន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធនានា ជាក់ស្ដែង យើងទើបទទួលបានកូនឈើចំនួន ១,២០០ដើម ពីខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង និងកំពុងត្រៀមរៀបចំបង្កើតថ្នាលបណ្តុះកូនឈើ១កន្លែងនៅក្នុងឃុំតាប៉ុននេះផ្ទាល់ ព្រមទាំងប្រគល់ជូនក្រុមយុវជនស្ម័គ្រចិត្តនៃឃុំតាប៉ុនសម្រាប់ដាំនៅតាមទីតាំងនានាស្ថិតក្នុងឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

លោក កុល វីរក្ស បានបញ្ជាក់បន្ថែមថា ការជ្រើសរើសយកទីតាំងនេះដើម្បីដាំដើមឈើនៅថ្ងៃនេះ មិនមែនមានន័យថា ទីនេះធ្លាប់មានការបំផ្លាញព្រៃឈើនោះឡើយ។ ពីព្រោះថាបើតាមការសិក្សាស្រាវជ្រាវប្រវត្តិតាមរយៈសិលាចារិកជាច្រើនបង្ហាញថា ទីនេះគឺធ្លាប់ជាដីស្រែអស់រយៈកាលជាយូរលង់ណាស់មកហើយ ពោលគឺពុំមែនជាអតីតតំបន់ព្រៃឈើអ្វីឡើយ។ ក៏ប៉ុន្តែការដាំដើមឈើនៅថ្ងៃនេះ គឺជាការបណ្ដុះស្មារតីស្រលាញ់ និងការចូលរួមថែរក្សាការពារសម្បត្តិធនធានធម្មជាតិ ហើយជាការកសាងអនុស្សាវរីយ៍ដ៏ល្អៗក្នុងចំណោមយុវជនដែលជាទំពាំងស្នងឫស្សី ព្រមទាំងបន្សល់ទុកនូវប្រវត្តិសាស្ត្រថ្មីមួយទៀតនៅលើទឹកដីដែលមានឈ្មោះដើមថា ស្រីជ័យក្សេត្រ ដ៏ស្រស់បំព្រងរបស់យើង។

លោកបានចាប់អារម្មណ៍ផងដែរថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ឃុំតាប៉ុន ក៏ដូចជាទីកន្លែងផ្សេងៗទៀតក្នុងខេត្តបាត់ដំបង បាននិងកំពុងធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការចង្អុលបង្ហាញរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលខេត្តបាត់ដំបង ជាក់ស្តែងឃុំតាប៉ុនយើងបានកសាងប្រឡាយទឹក ប្រព័ន្ធធារាសាស្ត្រ ស្ពាន លូ ផ្លូវកៅស៊ូ និងផ្លូវលំជនបទស្ទើរគ្រប់ទីកន្លែង ហើយជាបន្តយើងនឹងលើកកម្រិតផ្លូវថ្នល់ពីផ្លូវក្រាលក្រួសទៅជាផ្លូវចាក់បេតុង ឬក្រាលកៅស៊ូជាបណ្ដើរៗ។

បន្តពីនេះ យុវជនស្ម័គ្រចិត្តឃុំតាប៉ុនយើងនឹងនាំយកកូនឈើទៅដាំនៅតាមបណ្ដោយមាត់ស្ទឹងចាស់ ផ្លូវសាធារណៈ វត្តអារាម និងសាលារៀននានាបន្ថែមទៀតផងដែរ៕