(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក António Guterres អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ បង្កើនជំនួយរបស់អង្គការសហប្រជាជាតិលើការដោះមីន ដើម្បីជួយដល់កម្ពុជាសម្រេចបាននូវគោលដៅ «កម្ពុជាគ្មានមីនត្រឹមឆ្នាំ ២០២៥» និងបានស្នើបញ្ចូលការដោះមីនទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

ការស្នើបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានជួបពិភាក្សាជាមួយ លោក António Guterres អំពីការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-អង្គការសហប្រជាជាតិ និងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិផ្សេងៗ នៅក្នុងជំនួបទ្វេភាគី នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា សម្តេចតេជោបានលើកឡើងអំពីសកម្មភាពដោះមីន ដោយគូសបញ្ជាក់ពីសកម្មភាពមនុស្សធម៌របស់កម្ពុជា តាមរយៈការចែករំលែកបទពិសោធន៍ការងារបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ក្រោមកម្មវិធីរបស់អង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសមួយចំនួនជុំវិញពិភពលោក និងបានជម្រាបជូនលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយរដ្ឋាភិបាលជប៉ុន ក្នុងការបញ្ជូនអ្នកដោះមីនកម្ពុជាទៅជួយបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែននៅប្រទេសប៉ូឡូញ។

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់សម្តេចតេជោ ហ៊ុន សែន លើការដោះមីន និងបានធានាចំពោះសម្តេចក្នុងការគិតគូរយ៉ាងយកចិត្តទុកដាក់ ចំពោះសំណើ និងសំណូមពរ។

ទន្ទឹមនឹងការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់លើជំហររបស់កម្ពុជាប្រឆាំងនឹងការគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងគាំទ្រចំពោះការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៕