(ភ្នំពេញ)៖ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម បានសម្តែងទឹកព្រះទ័យអបអរសាទរយ៉ាង ជ្រាលជ្រៅ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធបានល្អ និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ព្រះមហាក្សត្រព្រុយណេ បានបង្ហាញទឹកព្រះទ័យបែបនេះ ក្នុងឱកាសឱកាសយាងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ក៏បានឱ្យដឹងផងដែរថា នៅក្នុងជំនួបនេះព្រះចៅស៊ុលតង់ ក៏បានសម្តែងការសព្វព្រះរាជហឫទ័យចំពោះការទទួលព្រះរាជដំណើររបស់ព្រះអង្គយាងបំពេញព្រះរាជទស្សនកិច្ច ក៏ដូចជាចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា។

ក្នុងជំនួបនេះព្រះចៅស៊ុលតង់ ក៏បានសម្តែងការសព្វព្រះរាជហឫទ័យ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងព្រុយណេ និងលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បន្ថែមពីលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់។

ព្រះមហាក្សត្រព្រុយណេ បានណែនាំ ឱ្យរដ្ឋមន្ត្រីកសិកម្មកម្ពុជា និងព្រុយណេ សហការលើវិស័យកសិកម្ម និងនាំអង្ករផ្កាម្លិះទៅព្រុយណេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះករុណាទិគុណយ៉ាងជ្រាលជ្រៅដល់ព្រះមហាក្សត្រព្រុយណេ ចំពោះការយាងបំពេញព្រះរាជទស្សនកិច្ច និងការយាងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ធ្វើឱ្យព្រឹត្តិការនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរព្រះករុណាទិគុណ ដល់ព្រះមហាក្សត្រព្រុយណេ ចំពោះការដាក់ចេញនូវកិច្ចសហប្រតិបត្តិការនានា រវាងកម្ពុជា និងព្រុយណេ។

បន្ទាប់ពីជំនួបសម្តែងការគួរសម និងពិភាក្សាការងារ សម្តេចតេជោ និងព្រះមហាក្សត្រព្រុយណេ បានយាង និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការយាងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាហើយនោះ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម ក៏បានចាប់ផ្តើមព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះអង្គនៅក្នុងប្រទេសកម្ពុជា។

ការចាប់ផ្តើមព្រះរាជដំណើរទស្សនកិច្ចនៅកម្ពុជានាព្រឹកនេះ ព្រះចៅស៊ុលតង់ព្រះមហាក្សត្រព្រុយណេ បានស្តេចយាងសម្តែងការគួរសម និងសវនាការ ជាមួយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ព្រចៅស៊ុលតង់ ក៏បានស្តេចយាងដាក់កម្រងផ្កានៅវិមានឯករាជ្យ និងមណ្ឌបព្រះបរមរូបផងដែរ។ បន្ទាប់ពីនោះព្រះអង្គស្តេចយាងជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ដែលជាមិត្តចាស់ដ៏ស្និទ្ធស្នាលរបស់ព្រះអង្គ។

នៅក្រោយជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោហើយនោះ ព្រះចៅស៊ុលតង់ នឹងយាងចូលរួមពិធីលៀងសាយភោជន ដែលរៀបចំថ្វាយដោយព្រះមហាក្សត្រខ្មែរ។

បន្ទាប់ពីបំពេញព្រះរាជទស្សនកិច្ចរួចហើយនោះ នៅវេលាម៉ោងប្រមាណជា ២រសៀលថ្ងៃនេះ ព្រះមហាក្សត្រព្រុយណេ និងព្រះរាជបុត្រាដ៏ស្រស់សង្ហា ព្រមទាំងគណៈប្រតិភូនឹងស្តេចយាងចាកចេញពីប្រទេសកម្ពុជាវិញហើយ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងព្រះចៅស៊ុលតង់ គឺជាមិត្តភក្តិដ៏ស្និទ្ធស្នាលនឹងគ្នា។ សម្តេចតេជោ ហ៊ុន សែន និងព្រះចៅស៊ុលតង់ ក៏ជាមេដឹកនាំមានវត្តមាន និងព្រះវត្តមានក្នុងវេទិកាអាស៊ានយូរ ជាងមេដឹកនាំប្រទេសសមាជិកអាស៊ានដទៃទៀតផងដែរ៕