(ភ្នំពេញ)៖ រយៈពេល២៥ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីសរុបចំនួន៣៦២,៤៥៩នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានលទ្ធផលបណ្ដោះអាសន្នរបស់ គ.ជ.ប ដែលចេញផ្សាយនាថ្ងៃទី១៤ ខែវិច្ឆិកានេះ។

គួរជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២២ ត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ខាងលើ ក៏បានបញ្ជាក់ដែរថា លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ សម្រាប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទូទាំងប្រទេស មានដូចខាងក្រោម៖
* ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន១៥,៧៦៨នាក់
* អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន៤,៤១៤នាក់
* អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន១,៩៨៥នាក់
* អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ/សង្កាត់ថ្មី មានចំនួន៤.២៦៦នាក់។

គ.ជ.ប បានបញ្ជាក់ទៀតថា គិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ទទួលបានដូចខាងក្រោម៖
* ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន៣៦២,៤៥៩នាក់
* អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន១៥៩,៣៦៤នាក់
* អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន៣២,០០៨នាក់
* អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ/សង្កាត់ថ្មី មានចំនួន៩៨,៧៨០នាក់។

គ.ជ.ប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ និងស្នើសុំកែតម្រូវឈ្មោះ ឬទិន្នន័យ ប្រសិនបើកត់ត្រាមិនបានត្រឹមត្រូវ។ ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ ប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក និងប្រជាពលរដ្ឋដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ/សង្កាត់ថ្មី អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

គ.ជ.ប ក៏បានបង្ហាញគេហទំព័រ www.nec.gov.kh/khmer/voter-list-revision-2022 ដើម្បីពិនិត្យមើលតារាងលទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២៕