(សៀមរាប)៖ ជាថ្មីម្តងទៀត ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជម្រើសរើសធ្វើជាម្ចាស់ផ្ទះ សន្និបាតសាមញ្ញរបស់សហព័ន្ធកីឡាបាល់ទាត់តំបន់អាស៊ីអាគេ្នយ៍ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសូហ្វហ្វីតែលសៀមរាប។

សន្និបាតនេះបានធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា និងថ្នាក់ដឹកនាំនៃសហព័ន្ធកីឡាបាល់ទាត់តំបន់អាស៊ីអាគេ្នយ៍ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ចំពោះមុខ ក្រុមការងាររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាមន្ត្រីសហព័ន្ធកីឡាបាល់ទាត់អាស៊ាន បានរៀបចំរួចរាល់សម្រាប់ដំណើរការមហាសន្និបាតសមញ្ញនេះ។ មន្ត្រីសហព័ន្ធបានបញ្ជាក់ឱ្យដឹងថា មហាសន្និបាតនេះ ធ្វើឡើងដើម្បីពិនិត្យមើលនូវវឌ្ឍនៈភាពរបស់សហព័ន្ធតំបន់មួយនេះ និងបោះឆ្នោតប្រធាន អនុប្រធាន សមាជិកគណៈកម្មការប្រតិបត្តិមួយតំណែងសម្រាប់សហព័ន្ធបាល់ទាត់អាស៊ី (AFC) ព្រមទាំងសមាជិកក្រុមប្រឹក្សា៥រូប និងសមាជិកក្រុមប្រឹក្សាស្ត្រី១រូប។

សូមរំលឹកថា កាលពីខែមីនា ឆ្នាំ២០១៩ ខេត្តសៀមរាប ធ្លាប់បានធ្វើម្ចាស់ផ្ទះ កាលនោះលោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រូវបានជ្រើសរើសធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ហើយលោក Dato’ Sri Zaw Zaw, Dato’ Haji Hamidin B. Haji Mohd Amin និង Dato’ Sri Francisco Kalbuadi Lay ជាអនុប្រធាន។

ទោះបីជាពិភពលោក ត្រូវវាយប្រហារដោយជំងឺរាតត្បាតសកលកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ព្រឹត្តិការណ៍បាល់ទាត់ធំៗក្នុងតំបន់អាស៊ានបានបញ្ចប់ដោយជោគជ័យដូចជា ការប្រកួត ជើងឯកអាស៊ីអាគ្នេយ៍២០២០ លើកមកធ្វើ២០២១ នៅសិង្ហបុរី ដោយថៃជាម្ចាស់ជើងឯក បាល់ទាត់ក្នុងស៊ីហ្គេម២០២១ លើកមកលេងនៅខែឧសភា ឆ្នាំ២០២២ និងចុងឆ្នាំនេះ សហព័ន្ធក៏ត្រូវរៀបចំការប្រកួតបាល់ទាត់ AFF Mitsubishi Cup 2022 ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣៕