(ភ្នំពេញ)៖ បន្ទាប់ពីមានលិខិតរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលចេញផ្សាយ ពីមិ្សលមិញនោះ, ដោយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានផ្តល់បទសម្ភាសន៍មួយ ជាមួយ Fresh News ជុំវិញលិខិតដែលចុះហត្ថលេខាដោយលោក សម រង្ស៊ី ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ហើយលោកបានហៅលិខិតនោះ «គ្រាន់តែជាការបោកប្រាស់តែប៉ុណ្ណោះ»។
ខាងក្រោមនេះជាកិច្ចសម្ភាសន៍រវាងលោក ផៃ ស៊ីផាន ជាមួយអង្គភាពព័ត៌មាន Fresh News:
FRESH NEWS: បន្ទាប់ពីការបែកធ្លាយនូវលិខិតរបស់ គណបក្សសង្រ្គោះជាតិ ដែលមានចុះហត្ថលេខាដោយលោក សម រង្ស៊ី តើលោកមើលឃើញ នូវភាពធូរស្រាលនយោបាយរវាង គណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដែរឬទេ?
លោក ផៃ ស៊ីផាន៖ អរគុណនូវសំនួរវិភាគនេះ កាលពីម្សិលមិញលិខិតរបស់គណបក្សសង្រ្គោះជាតិ ដែលបានចុះហត្ថលេខាដោយឯកឧត្តម សម រង្ស៊ី ផ្ញើទៅសម្តេចតេជោ ហ៊ុន សែន ដែលបានបែកធ្លាយជាសាធារណៈតាមការផ្សព្វផ្សាយរបស់ Fresh News គឺធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល និងពាក្យពេចន៍នូវក្នុងលិខិត និងពាក្យពេចន៍នៅទីសាធារណៈដែលឯកឧត្តម សម រង្ស៊ី បានធ្វើការប្រមាថនៅក្នុងភាពយង់ឃ្នងជាបុគ្គលផ្ទាល់ និងញុះញង់ តាមមធ្យោបាយ និងយុទ្ធសាស្ត្រ របស់ឧទ្ទាមនៃចលនាផ្តួលរំលំ តាមរយៈបដិវត្តន៍ ការគិត ការនិយាយ និងសកម្មភាពប្រឆាំង និងរាល់រូបភាពនៅក្នុងសង្គមក៏ដូចជា វាយប្រហារ និងមិនគោរព រាល់ស្ថាប័នរបស់រដ្ឋ។ សកម្មភាពព្រមទាំងពាក្យពេចន៍ និងចរិតទាំងអស់នោះ គឺមិនមែនអ្នកនយោបាយទេ ក៏ប៉ុន្តែជាអ្នកបដិវត្តន៍សុទ្ធសាធ។
FRESH NEWS: ចុះអ្នកនយោបាយ និងអ្នកបដិវត្តន៍ ខុសគ្នាយ៉ាងដូចម្តេច អាស្រ័យដោយសាធារណជនយល់ឃើញ និន្នាការជានយោបាយទាំងអស់?
លោក ផៃ ស៊ីផាន៖ ដើម្បីងាយយល់ ខ្ញុំសូមបន្តបន្ថែមបន្តិចតពីចម្លើយខាងមុន គឺនៅពេលដែលអានសំបុត្រ ដែលបានចុះហត្ថលេខា ដោយឯកឧត្តម សម រង្ស៊ី មតិមហាជនហាក់មានជំនឿថា៖ ទំនាក់ទំនងរវាង ឯកឧត្តមសម រង្ស៊ី និងសម្តេចតេជោ ទទួលបានភាពប្រសើរឡើងវិញនៅក្នុងភាពទន់ភ្លន់ ទោះជាមាននិន្នាការ ខុសគ្នាយល់មិនដូចគ្នា ហើយស្ថិតនៅគណបក្សរវាងក្នុងអំណាច និងប្រឆាំងយ៉ាងណាក៏ដោយ ក៏ប៉ុន្តែយើងខកចិត្តវិញនៅពេលពាក្យពេចន៍ ដែលប្រធាន គណបក្សប្រឆាំងរូបនេះបានប្រើប្រាស់ នៅក្នុងបទសម្ភាស នៅ VOA សម្តីខុសគ្នាដូចមេឃ និងដីសុទ្ធសាធ។ ពាក្យអសុរសផ្លែផ្កាហាក់ដូចជា នៅកន្លែងខុសគ្នា រវាងអ្នកក្នុងស្រុក និងអ្នកឧទ្ទាម គឺមិនផ្លាស់ប្តូរចរិតនោះទេ។ យុទ្ធនាការបំផុសញុះញុង និងបែងចែកជាយុទ្ធសាស្រ្តដ៏អាក្រក់ (II) មួយ ដែលមិនឆ្លើយ តបនៅក្នុងរបបប្រជាធិបតេយ្យសេរីនោះឡើយ។ ខ្ញុំពុំដែលឮពាក្យរបស់អ្នកនយោបាយអាមេរិកាំង លាបពណ៌គ្នាថា ជាជនផ្តាច់ការ ឬជាជនខ្ញុំបរទេស ណាមួយឡើយ គេនាំគ្នាប្រជែងគំនិត នៃការកសាងជាតិតាមរយៈគោលការណ៍ ឬច្បាប់ និងពន្យល់ឲ្យប្រជាពលរដ្ឋគាំទ្រនូវបំណងរបស់គេ អាស្រ័យដោយគេធ្វើការស្ថិតក្នុងសភាតែមួយ និងប្រជាជាតិតែមួយគត់។
ទោះបីក្រុមអ្នកនយោបាយ សាធារណរដ្ឋនិយម ឬប្រជាធិបតេយ្យនិយម គឺមិនមាននរណាមួយចេញពីគណបក្សណាមួយធ្វើការ ចោទជាសាធារណៈ ជាអ្នកផ្តាច់ការ ឬអាយ៉ងបរទេសឡើយ ទោះសហរដ្ឋអាមេរិកខ្ចីលុយ ឬជំពាក់ចិន រាប់រយលានយ៉ាងណាក៏ដោយ។ នេះជាវិន័យនៃរបបប្រជាធិបតេយ្យ ដែលខុសគ្នាពីយុទ្ធសាស្ត្រឧទ្ទាម និងបដិវត្តន៍។
គណបក្សប្រឆាំងរូបនេះ មិនត្រឹមតែបោះបង់ការទទួលស្គាល់ ឬគោរពតាមរបបស្ថាប័ន និងច្បាប់ រដ្ឋនោះតែប៉ុណ្ណោះទេ ក៏ប៉ុន្តែគេគ្មាននិន្នាការធ្វើឲ្យប្រសើរ តាមរយៈកំណែទម្រង់រដ្ឋ និងស្មារតីមហាគ្រួសារ តែមួយដែលរក្សាបាននូវភាពក្សេមក្សាន្តជូនប្រជាពលរដ្ឋ ជាជាងការបែងចែករវាងអ្នកស្នេហាជាតិ ដែល ប្រជាពលរដ្ឋគាំទ្របក្ស ឬក្រុមរបស់គេ រីឯប្រជាពលរដ្ឋដទៃ ជាអាយ៉ងបរទេស ឬអ្នកក្បត់ជាតិតែប៉ុណ្ណោះ។ អាស្រ័យហេតុនេះ ឯកឧត្តម សម រង្ស៊ី មិនមែនជាអ្នកនយោបាយទេ គឺជាតួអង្គ អ្នកបំភ្លៃ, អ្នកប្រឆាំង និងអ្នកបដិវត្តន៍ដែលពុំគួរមាននៅសម័យនេះឡើយ។ និយមន័យប្រជាធិបតេយ្យរបស់ ឯកឧត្តម សម រង្ស៊ី គឺអាណាធិបតេយ្យ, បះបោរ, មិនគោរពច្បាប់ ឬស្ថាប័នរដ្ឋ ហើយលិខិតកាលពីម្សិលមិញរបស់ សម រង្ស៊ី គ្រាន់តែជាការបោកប្រាស់តែប៉ុណ្ណោះ៕