(ភ្នំពេញ)៖ លោក António Guterres អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ បានសាទរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះ និងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រួមទាំងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ។
សម្តេចតេជោ ហ៊ុន សែន និងលោក António Guterres បានជួបពិភាក្សាការងារ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ អំពីការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-អង្គការសហប្រជាជាតិ និងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិផ្សេងៗ នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ប្រាប់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិថា ការធ្វើប្រធានអាស៊ានមិនស្រួលនោះទេ ប្រសិនបើគ្មានរដ្ឋមន្រ្តីការបរទេសវៃឆ្លាត បើគ្មានជំនួយការវៃឆ្លាត ដូច្នេះ តាមការរៀបចំកិច្ចប្រជុំកំពូលអាស៊ានជោគជ័យនាពេលនេះ ដោយសារតែកម្ពុជា មន្ត្រីដែលមានសមត្ថភាព។
ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអង្គការសហប្រជាជាតិ និងបានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយថែមទៀត។
សូមជម្រាបថា ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពរបស់មេដឹកនាំអាស៊ាន តំបន់ និងពិភពលោក កម្ពុជាបានដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ១២,០០០នាក់ ដោយមានកិច្ចសហប្រតិបត្តិការជាមួយបណ្ដាដៃគូមួយចំនួនទៀតដូចជា៖ នគរបាលអន្តរជាតិ (Interpol) នគរបាលក្នុងតំបន់អាស៊ាន ការិយាល័យស៊ើបអង្កេតអាមេរិក (FBI) នគរបាលសិង្ហបុរី នគរបាលជប៉ុន នគរបាល វៀតណាម នគរបាលចិន និងនគរបាលអូស្ត្រាលី ជាដើម។
គួរជម្រាបថា កម្ពុជាក្នុងនាមម្ចាស់ផ្ទះ និងប្រធានអាស៊ាន ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕