(ភ្នំពេញ)៖ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC គឺជាវេទិកាសេដ្ឋកិច្ចថ្នាក់តំបន់មួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៩ ដើម្បីជំរុញការ ពឹងផ្អែកគ្នាទៅវិញទៅមកនៃអាស៊ីប៉ាស៊ីហ្វិក។ APEC មានគោលដៅស្វែងរកវិបុលភាពសម្រាប់ប្រជាជន​នៅក្នុងតំបន់ តាមរយៈការលើកកម្ពស់តុល្យភាព បរិយាប័ន្ន ចីរភាព ការច្នៃប្រឌិត កំណើនសេដ្ឋកិច្ច និងការសមាហរណកម្មសេដ្ឋកិច្ចតំបន់។

APEC មានសមាជិកចំនួន ២១ប្រទេស ដែលមានប្រជាជនសរុប៤០ភាគរយ នៃប្រជាជនពិភពលោក ព្រមទាំងតំណាងឱ្យ ៥០ភាគរយនៃពាណិជ្ជកម្មពិភពលោក ក៏ដូចជា ៦០ភាគរយនៃផលិតផលនៅក្នុងស្រុកសរុប ឬ GDP ពិភពលោក។ លេខាធិការដ្ឋានរបស់ APEC គឺមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី។ សមាជិកទាំង២១ របស់ APEC រួមមាន៖ អូស្រ្តាលី, ព្រុយណេ, កាណាដា, ស៊ីលី, ចិន, ហុងកុង, ឥណ្ឌូណេស៊ី, ជប៉ុន, កូរ៉េខាងត្បូង, ម៉ាឡេស៊ី, ម៉ិកស៉ិក, នូវែលសេឡង់, ប៉ាពូអាស៊ីនូវែលហ្គីណេ, ប៉េរូ, ហ្វីលីពីន, រុស្ស៉ី, សិង្ហបុរី, តៃវ៉ាន់, ថៃ, សហរដ្ឋអាមេរិក និងវៀតណាម។

APEC ឆ្នាំ២០២២នេះ នឹងត្រូវធ្វើឡើងក្នុងទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែវិច្ឆិកានេះ ខណៈដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំនេះក្នុងនាមប្រធានាអាស៊ានផងដែរ៕