(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសម្តែងការកោតសរសើររដ្ឋាភិបាលកម្ពុជាគ្រប់លំដាប់ថ្នាក់ ដែលបានរៀបចំកិច្ចប្រជុំអាស៊ានទទួលបានជោគជ័យយ៉ាងធំធេង។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក ពេជ្រ ស្រស់ បានបញ្ជាក់ដូច្នេះថា៖ «ព្រឹត្តការណ៍ប្រជុំអាស៊ានក្នុងឆ្នាំ២០២២ នៅលើទឹកដីកម្ពុជា កន្លងទៅថ្មីៗនេះ ប្រៀបបានដូចជាសំពៅប្រណីតដ៏ធំមួយ បានដឹកជាតិខ្មែរឆ្ពោះទៅពិភពលោកមានរស្មីចែងចាំងឡើង ដូចជាព្រះខែពេញបូរមីបញ្ចេញរស្មីដូច្នោះដែរ»

លោកបានបន្តថា «ក្នុងន័យនេះខ្ញុំសូមកោតសរសើររដ្ឋាភិបាលកម្ពុជាគ្រប់លំដាប់ថ្នាក់ ដែលបានរៀបចំកិច្ចប្រជុំអាស៊ានទទួលបានជោគជ័យយ៉ាងធំធេងធ្វើឱ្យកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាយើងលេចខ្ពស់ត្រដែតលើឆាកពិភពលោកមួយកម្រិតថែមទៀត។ ខ្មែរអាចធ្វើបាន»

សូមបញ្ជាក់ថា កម្ពុជាក្នុងនាមម្ចាស់ផ្ទះ និងប្រធានអាស៊ាន ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រកបដោយជោគជ័យ និងផ្លែផ្កាជាប្រវត្តិសាស្ត្រ។

អំឡុងកិច្ចប្រជុំកំពូលនេះ មានព្រឹត្តិការណ៍ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧ ផងដែរ៕