(ភ្នំពេញ)៖ គណបក្សហ៊្វុនស៊ិនប៉ិច បានចេញសេចក្តីថ្លងការណ៍មួយ ចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានជោគជ័យក្នុងនាមជាម្ចាស់ផ្ទះ ដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ឱ្យប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានលទ្ធផលវិជ្ជមាន។
បើយោងតាមសេចក្តីថ្លែងការណ៍ ផ្ញើមកកាន់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គណបក្សហ្វ៊ុនស៉ិនប៉ិច បានគូសបញ្ជាក់ថា ថ្វីត្បិតតែកម្ពុជាយើងជាប្រទេសតូចក៏ពិតមែន តែយើងអាចរៀបចំ និងទទួលបានយ៉ាងល្អ ក្នុងកិច្ចប្រជុំកំពូលមួយ ដែលមានសុទ្ធតែបណ្តាប្រទេសមហាអំណាចសកលលោក ចូលរួមធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា កាន់តែមានកិត្យានុភាពល្បីល្បាញទូទាំងសកលលោក និងមោទនភាពជាតិយ៉ាងក្រៃលែង។
គណបក្សហ៊្វុនស៊ិនប៉ិច កត់សម្គាល់ឃើញថា កិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ ដែលបានប្រព្រឹត្តទៅចាប់តាំងពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ មានលក្ខណៈពិសេស និងវិសេសវិសាលណាស់ ព្រោះថាកន្លងមកនេះ បណ្ដាប្រទេសមហាអំណាចបានខ្វែងគំនិតគ្នា ធ្វើឱ្យសកលលោកទាំងមូលមានភាពតានតឹង និងបានប្រឈមមុខដាក់គ្នា ហើយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធខាងលើនេះ បានបង្កើតឱកាសឱ្យបណ្តាថ្នាក់ដឹកនាំប្រទេសមហាអំណាចផ្សេងៗ បានជួបជុំរកវិធីសន្ទនាដោះស្រាយ សម្របសម្រួលជាមួយគ្នា ដែលបង្ហាញពីភាពវិជ្ជមានល្អមួយសំរាប់អនាគតពិភពលោកទាំងមូល។
គណបក្សហ៊្វុនស៊ិនប៉ិច សូមសម្ដែងនូវសេចក្ដីកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងល្អរហូតធ្វើឱ្យកិច្ចប្រជុំកំពូលអាស៊ានទាំងមូលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់បំផុត៕