(ភ្នំពេញ)៖ រថយន្តក្រុងដឹកទំនិញមួយគ្រឿងដែលគេសង្ស័យថា មានផ្ទុកទំនិញគេចពន្ធនាំចូលពីប្រទេសវៀតណាមបើកចូលមកភ្នំពេញ ត្រូវបានមេគយធំ បញ្ជាឲ្យកម្លាំងគយមួយក្រុម ចេញចាប់បានជាក់ស្ដែងទាំងយប់យកទៅធ្វើការត្រួតពិនិត្យ ខណៈរថយន្តដឹកទំនិញខាងលើ បើកនៅលើដងផ្លូវមានសមត្ថកិច្ចគយជាច្រើន ក្រុមដាក់ប៉ុស្ដិ៍ត្រួតពិនិត្យ នៅលើផ្លូវជាតិជាហូហែរ តែមិនដែលចាប់បាន។
ព័ត៌មានពីមន្រ្តីគយបានបង្ហើបឲ្យដឹងថា ចំណាត់ការបញ្ជាឲ្យចាប់រថយន្តក្រុងសង្ស័យដឹកទំនិញគេចពន្ធ ចូលតាមផ្លូវជាតិលេខ១នេះ បានប្រព្រឹត្តទៅ នៅយប់មិញបន្ទាប់ពីមានអ្នករាយការណ៍ ទៅលោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករ រួចមកលោកក៏បញ្ជាឲ្យកម្លាំងជំនាញ ចេញចាប់បានជាក់ស្ដែងតែម្ដង។ ក្រោយចាប់រថយន្តសង្ស័យដឹកទំនិញ គេចពន្ធនាំចូលពី ប្រទេសវៀតណាមបានហើយ។
តាមព័ត៌មាននៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ លោក គុណ ញឹម បានកោះហៅមន្ត្រីគយ ដែលពាក់ព័ន្ធក្នុងការទទួលខុសត្រូវ ៣អង្គភាពយកមកដុសក្អែលនៅទីចាត់ការ ដោយក្នុងនោះគេដឹងថា មានប្រធានគយចល័តប្រចាំផ្លូវជាតិលេខ១ម្នាក់ផងដែរ ព្រោះជាអ្នកទទួលខុស ត្រូវធំជាងគេ ដោយសារតែខ្លួន មានភារកិច្ចឈរជើងទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅលើផ្លូវជាតិ តែបែរជាបណ្ដោយ ឲ្យរថយន្តដឹកទំនិញគេចពន្ធ បើកកាត់មុខមិនព្រមធ្វើការបង្ក្រាបទៅវិញ ដោយទំនងពាក់ព័ន្ធនឹងផលប្រយោជន៏នៅពីក្រោយខ្នង ព្រោះតាមដឹងកុំថា ឡើយរថយន្តធំៗដឹកទំនិញគេចពន្ធ សូម្បីតែរ៉ឺម៉កដឹកទំនិញគេចពន្ធ ក៏មិនអាចរំលងភ្នែកគយចល័ត ផ្លូវជាតិលេខ១នេះបានដែរ។ ការមិនបង្ក្រាបរបស់សមត្ថកិច្ចគយចល័តបែបនេះ បានធ្វើឲ្យបាត់ចំណូលពន្ធ រដ្ឋរាប់រយលានរៀលក្នុងខែៗ។
រហូតមកដល់ពេលនេះគេនៅមិនទាន់ដឹងថា ក្នុងរថយន្តក្រុងដែលដឹកទំនិញគេចពន្ធ ដែលមេគយធំបញ្ជាឲ្យចាប់នោះ មានទំនិញគេចពន្ធប៉ុន្មានភាគរយនោះទេ តែអ្នកដឹងរឿងបានអះអាងថា បើមិនច្បាស់ក៏មេគយធំមិនបញ្ជាអោយចាប់ផ្ដេសផ្ដាស់នោះដែរ៕