Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋាភិបាលអេហ្ស៊ីប កំពុងព្យាយាមរុករករ៉ែមាសក្រោមវាលខ្សាច់ ដោយសម្លឹងមើលវិធីពីបុរាណ

15-06-2016 12:21

(អេហ្ស៊ីប)៖ វាស្ថិតនៅមិនឆ្ងាយពីអតីតរាជវាំងរបស់អតីតស្តេចជាច្រើនជំនាន់ ក្នុងតំបន់ Luxor ប្រទេសអេហ្ស៊ីបនោះទេ ដោយរ៉ែមាស ដែលត្រូវបានលាក់កំបាំងអស់រាប់ពាន់ឆ្នាំមកនេះ ទំនងជាស្ថិតនៅពីក្រោមស្រទាប់ដី គ្របដោយ វាលខ្សាច់នៃតំបន់អាហ្វ្រិកខាងជើងនោះហើយ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន CNN នារសៀលថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០១៦។

កំណប់មាសខាងលើនេះ ត្រូវបានក្រុមអ្នកវិភាគទៅសម័យបុរាណជឿជាក់ថា ត្រូវបានលាក់ទុកតាំងពីសម័យ ចក្រភព រ៉ូមាំង និង អេហ្ស៊ីបុរាណទៅទៀត។ បច្ចុប្បន្ន រដ្ឋាភិបាលអេហ្ស៊ីប កំពុងតែកំណត់ទិសដៅថ្មីក្នុងការរុករក គឺស្ថិតនៅ តំបន់វាលខ្សាច់ភាគខាងកើតប្រទេសតែម្តង។ លោក Mark Campbell នាយកប្រតិបត្តិការនៃក្រុមហ៊ុន Alexander Nubiia រុករករ៉ែអេហ្ស៊ីបបានឲ្យដឹងថា «យើងកំពុងសម្លឹងរកកន្លែង ដែលយើងធ្លាប់គិតថាមានរ៉ែមាសច្រើន កាលពីមុន។ យើងកំពុងតែស្វែងរកតំរុយ ដើម្បីជីករក ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ»។

គួរបញ្ជាក់ថា តាមការប៉ាន់ស្មាននោះ យ៉ាងហោចណាស់ក៏មានកន្លែងបង្កប់រ៉ែមាសចំនួន ១២ទីតាំងដែរ នៅវាលខ្សាច់ ភាគខាងកើតប្រទេសតែឯង។ វាប្រាកដជារ៉ែមាស ដែលជួយឲ្យសេដ្ឋកិច្ចអេហ្ស៊ីប មានការរីកចំរើនយ៉ាងរហ័ស។ រដ្ឋាភិបាលអេហ្ស៊ីប បានរំពឹងថា វានឹងអាចឲ្យប្រាក់ចំណូលក្នុងស្រុកសរុប GDP កើនឡើងរហូតដល់ ៥ភាគរយ បន្ថែមទៀត នារយៈពេល ១០ឆ្នាំខាងមុខ៕