Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខណ្ឌមានជ័យ បង្គាប់ឱ្យគណបក្សសង្រ្គោះជាតិ រុះរើរោងរបស់ខ្លួន ក្នុងរយៈពេល១សប្តាហ៍

15-06-2016 12:11

(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌមានជ័យ បានផ្ញើលិខិតមួយទៅកាន់គណបក្សសង្រ្គោះជាតិ ដើម្បីឱ្យគណបក្សនេះ រុះរើរោងរបស់ខ្លួន នៅខាងមុខទីស្នាក់ការគណបក្សសង្រ្គោះជាតិ នាសង្កាត់ចាក់អង្រែក្រោម ដែលជាកន្លែង អ្នកគាំទ្រប្រមូលផ្តុំគ្នាដើម្បីការពារ លោក កឹម សុខា។

តាមរយៈលិខិតរបស់អាជ្ញាធរខណ្ឌមានជ័យ ដែលសរសេរទៅគណបក្សសង្រ្គោះជាតិ កាលពីម្សិលមិញ បានបង្ហាញថាការបង្គាប់ឱ្យរុះរើរោងនេះ ក្រោមហេតុផលថាពុំមានច្បាប់អនុញ្ញាត ហើយអាជ្ញាធរក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណី គណបក្សសង្រ្គោះជាតិ មិនអនុវត្តតាមសេចក្តីជូនដំណឹងនោះ។

នៅក្នុងសន្និសីទកាសែតមួយ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានថ្លែងថា គណបក្សសង្រ្គោះជាតិ នឹងចាត់តំណាងរបស់ខ្លួន ដើម្បីសម្របសម្រួលជាមួយអាជ្ញាធរ។

លោកថា ការសង់រោងជួបជុំគ្នានៅស្នាក់ការគណបក្សសង្រ្គោះជាតិ គឺធ្វើឡើងនៅលើដីបុគ្គល ដូច្នេះមិនមានអ្វីត្រូវសុំច្បាប់ពីអាជ្ញាធរនោះទេ។

សូមបញ្ជាក់ថា ការប្រមូលផ្តុំរបស់សកម្មជនគណបក្សសង្រ្គោះជាតិ នៅទីស្នាក់ការកណ្តាល នាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅបន្ទាប់ពីសមត្ថកិច្ច បានស្វែងរកដើម្បីនាំខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលអវត្តមានក្នុងការចូលបំភ្លឺ ជូនសាលាដំបូងរាជធានីភ្នំពេញ ក្នុងនាមជាសាក្សី នៃសំណុំរឿងសញ្ជារកម្ម ចំនួន២លើក។

បន្ទាប់ពីការអវត្តមាននៅក្នុងការចូលបំភ្លឺនេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើលោក កឹម សុខា ពីបទល្មើស មិនចូលខ្លួនបំភ្លឺ តាមមាត្រា៥៣៨ នៃច្បាប់ព្រហ្មទណ្ឌ ដែលបទល្មើសនេះប្រឈមនឹងការជាប់ពន្ធនាគារពី ២ខែទៅ៦ខែ៕